អង្គការ CI បើកវគ្គចែករំលែកសម្រាប់ក្រុមអ្នកអនុវត្តគម្រោងរេដបូក
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦--វិធានសុខដុមនីយកម្មបដិបត្តិរេដបូកគឺជាយុទ្ធសាស្ត្រកែប្រែមួយ ដែលផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិ ជាមួយគោលដៅអាកាសធាតុជាតិ ដើម្បីធានាបាននូវគណនេយ្យកាបូនដែលមានសុចរិតភាពខ្ពស់ លុបបំបាត់ហានិភ័យនៃការរាប់ជាន់គ្នា និងកាត់បន្ថយការបាត់បង់ព្រៃឈើនៅក្រៅតំបន់គម្រោង។ ភាពស៊ីសង្វាក់គ្នានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការសម្រេចផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) និងវឌ្ឍនភាពឆ្ពោះទៅរកអព្យាក្រឹតភាពកាបូន។

នេះជាការលើកឡើងរបស់មន្រ្តីអង្គការ CI នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ អនុសាសន៍ទាំងនេះត្រូវបានលើកឡើងក្នុងការបើកវគ្គចែករំលែកសម្រាប់ក្រុមអ្នកអនុវត្តគម្រោងរេដបូក ដែលរៀបចំដោយអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) កាលពីចុងខែមីនាកន្លងទៅ។ បន្ថែមពីលើភាពច្បាស់លាស់ផ្នែកបច្ចេកទេស វិធានសុខដុមនីយកម្មបដិបត្តិរេដបូក ក៏បង្កើតឱកាសឱ្យកម្ពុជាក្នុងការចូលក្នុងទីផ្សារកាបូនសកលលំដាប់ខ្ពស់ ស្របពេលដែលពង្រឹងប្រព័ន្ធការពារសុវត្ថិភាពសង្គម និងដើម្បីធានាការចែករំលែកផលប្រយោជន៍ប្រកបដោយសមធម៌ និងការការពារសិទ្ធិរបស់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។

វគ្គនេះទទួលបាននូវការចែករំលែកពីឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាប្រធានលេខាធិការដ្ឋានកិច្ចការឥណទានកាបូន និងលេខាធិការដ្ឋានរេដបូកជាតិ បុគ្គលិកអង្គការ CI និងអង្គការដៃគូពាក់ព័ន្ធប្រមាណ៣៦នាក់ ស្ត្រី៧នាក់៕

ដោយ ណយ នឿន (ប្រភព៖ CI)





