ស៊ីរីសន្យាថានឹងឆ្លើយតបទៅនឹងការវាយប្រហារលើស្ថានទូតអេមីរ៉ាត់អារ៉ាប់រួមនៅទីក្រុងដាម៉ាស
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- កាលពីថ្ងៃអាទិត្យ ប្រទេសស៊ីរីបានថ្កោលទោសចំពោះការវាយប្រហារទៅលើស្ថានទូតអេមីរ៉ាតអារ៉ាប់រួមនៅទីក្រុងដាម៉ាស ដោយបាននិយាយថា «សកម្មភាពបែបនេះនឹងត្រូវបានឆ្លើយតបជាមួយនឹងវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់»។
ក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើបាតុកម្មដោយសន្តិវិធី គឺជាសិទ្ធិស្របច្បាប់ដែលត្រូវបានធានាដោយច្បាប់ជាទម្រង់នៃការបញ្ចេញមតិ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានបញ្ជាក់ថា ការវាយប្រហារក្នុងអំឡុងពេលតវ៉ាថ្មីៗនេះ គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន ដែលជាការរំលោភច្បាប់ជាតិយ៉ាងច្បាស់លាស់។
អ្នកតវ៉ារាប់សិបនាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុននៅមុខស្ថានទូតអេមីរ៉ាតអារ៉ាប់រួមនៅទីក្រុងដាម៉ាស។ អ្នកខ្លះបានព្យាយាមវាយលុកអគារ ហើយវីដេអូដែលបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតបានបង្ហាញថា ក្រុមបាតុករកំពុងហែកទង់ជាតិអេមីរ៉ាត់អារ៉ាប់រួម។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា អង្គភាពសន្តិសុខផ្ទៃក្នុងបានចាប់ផ្តើមពង្រឹងវិធានការសន្តិសុខជុំវិញបេសកកម្មការទូត និងបង្កើនការការពារពួកគេ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងការពារការកើតឡើងវិញនៃឧប្បត្តិហេតុបែបនេះ។
ក្រសួងបាននិយាយថា ការស៊ើបអង្កេតទៅលើឧប្បត្តិហេតុនេះកំពុងដំណើរការ ហើយអ្នកដែលពាក់ព័ន្ធនឹងការវាយប្រហារកំពុងត្រូវបានបន្តដោយមាននីតិវិធីផ្លូវច្បាប់ត្រូវបានអនុវត្តប្រឆាំងនឹងពួកគេស្របតាមនីតិវិធីត្រឹមត្រូវ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរីបានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនអំពីការចាប់ខ្លួនបុគ្គលពីរនាក់ «ដែលបង្ហាញថាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ»ទៅលើស្ថានទូតអារ៉ាប់រួមនៅទីក្រុងដាម៉ាសនោះ។
ក្រសួងបានបន្ថែមថា «នីតិវិធីផ្លូវច្បាប់ចាំបាច់ប្រឆាំងនឹងជនជាប់ចោទកំពុងដំណើរការស្របតាមពិធីសារដែលបានបង្កើតឡើង»។
ក្រសួងបានសង្កត់ធ្ងន់ថា «ការវាយប្រហារណាមួយទៅលើបេសកកម្មការទូត គឺជាខ្សែបន្ទាត់ក្រហមដែលមិនអាចអត់ឱនបាន» ហើយថា ខ្លួននឹងនៅតែមានការប្រុងប្រយ័ត្ន និងម៉ឺងម៉ាត់ក្នុងការការពារបេសកកម្មទាំងនេះនិងធានាការគោរពបទដ្ឋានការទូត»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





