ស្លាប់ ៧៧នាក់ និងរបួស ១៣៧នាក់ក្នុងហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងនៅអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់ភ្លាមៗដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងបានឆក់យកជីវិតមនុស្ស ៧៧នាក់ និងបណ្តាលឱ្យមនុស្ស ១៣៧នាក់ផ្សេងទៀតរងរបួសនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមអាជ្ញាធរ NDMA បានឱ្យដឹងថា ទឹកជំនន់ដ៏ខ្លាំងនេះបានបំផ្លាញ និងធ្វើឱ្យខូចខាតដោយផ្នែកនូវផ្ទះចំនួន ៣.៤៦៦ខ្នង។ ទឹកជំនន់ក៏បានហូរនាំយកផ្លូវប្រវែង ៣៣៧គីឡូម៉ែត្រ ជន់លិចដីកសិកម្មចំនួន ១១.៦៧៦ហិចតា និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រឡាយទឹក និងបណ្តាញធារាសាស្ត្រចំនួន ១២១កន្លែង។
អាជ្ញាធរបានកត់សម្គាល់បន្ថែមទៀតថា គ្រួសារសរុបចំនួន៥.៨១១គ្រួសារបានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិចុងក្រោយបំផុតរហូតមកដល់ពេលនេះ។
នាយកដ្ឋានឧតុនិយមរបស់ប្រទេសអាហ្វហ្គានីស្ថានបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយនាយកដ្ឋានបានព្រមានអំពីហានិភ័យនៃទឹកជំនន់កាន់តែខ្ពស់ ជាពិសេសនៅតំបន់ដាច់ស្រយាល និងតំបន់ងាយរងគ្រោះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





