ចិនបន្តការព្រមានពណ៌ខៀវសម្រាប់ព្យុះភ្លៀង និងខ្យល់កន្ត្រាក់
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ -- មជ្ឈមណ្ឌលឧតុនិយមជាតិចិនបានបន្តការព្រមានពណ៌ខៀវសម្រាប់ព្យុះភ្លៀង និងសម្រាប់ខ្យល់បក់ខ្លាំងកាលពីថ្ងៃចន្ទ ដោយព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង និងខ្យល់បក់ខ្លាំងនៅភាគខាងជើង។
ភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងត្រូវបានគេរំពឹងថានឹងមាននៅតំបន់ខ្លះភាគខាងត្បូងនៃទន្លេយ៉ាងសេ និងតំបន់ផ្សេងទៀតភាគខាងត្បូងប្រទេសចិនដោយតំបន់ខ្លះជួបប្រទះនឹងព្យុះភ្លៀង ឬភ្លៀងធ្លាក់ខ្លាំង។
ទន្ទឹមនឹងនេះ ខ្យល់បក់ខ្លាំងនឹងបោកបក់លើផ្នែកខ្លះនៃភាគពាយ័ព្យប្រទេសចិន តំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង ភាគខាងជើងប្រទេសចិន និងភាគឦសានប្រទេសចិន។ ចាប់ផ្តើមពីយប់ថ្ងៃអង្គារនេះ តំបន់ដែលរងផលប៉ះពាល់ដោយភ្លៀងនៅភាគខាងត្បូងនឹងឃើញការផ្លាស់ប្តូរទៅភាគខាងជើង។
អ្នកជំនាញឧតុនិយមបានព្រមានសាធារណជន ជាពិសេសអ្នកធ្វើដំណើរឱ្យប្រុងប្រយ័ត្ន និងជៀសវាងតំបន់ភ្នំ ជ្រលងទន្លេ និងតំបន់ទំនាបដែលរងផលប៉ះពាល់។
មជ្ឈមណ្ឌលនេះក៏បានព្យាករណ៍ថានឹងមានព្រិលធ្លាក់ ដោយព្រិលធ្លាក់ពីកម្រិតស្រាលទៅមធ្យម និងព្យុះព្រិលសម្រាប់តំបន់ខ្លះនៃភាគឦសានប្រទេសចិន ខេត្តឈីងហៃនៅភាគពាយ័ព្យប្រទេសចិន និងតំបន់ស្វយ័តស៊ីហ្សាងនៅភាគនិរតីនៃប្រទេសកាលពីថ្ងៃចន្ទ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុចំនួន ៤កម្រិតដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកគឺពណ៌ទឹកក្រូចពណ៌លឿង និងពណ៌ខៀវ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





