ឯកឧត្តម ជា សុមេធី ចុះសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃ០៧ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកា ផ្ទាល់ខ្លួនរបស់ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងសប្បុរសជននានា ជូនដល់វីរៈកងទ័ពនៅយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។

សម្ភារៈដែលបានប្រគល់ជូននោះរួមមាន កុំព្យូទ័រយួរដៃចំនួន ៦គ្រឿង ម៉ាស៊ីនព្រីនធ័រ ខ្នាត A3 ចំនួន ២គ្រឿង វិទ្យុទាក់ទងចល័ត 10W ចំនួន ២៥គ្រឿង វិទ្យុទាក់ទងលើតុ 50W ចំនួន ៥គ្រឿង ស័ង្កសី ៣ម៉ែត្រ ចំនួន ១.០០០សន្លឹក ទឹកក្រូចចំនួន ៥០កេស ទឹកសុទ្ធចំនួន ១០០កេស មីចំនួន ១០០កេស ត្រីខចំនួន ២០កេស កាហ្វេចំនួន ៤កេស អង្រឹងចំនួន១០០ ធុងទឹក ៣៥លីត្រ ចំនួន ១០០ធុង ថវិកាសម្រាប់អង្គភាពចំនួន ១០លានរៀល និងជូនថវិកាមួយចំនួនដល់វីរៈកងទ័ព ដែលបានចូលរួមក្នុងពិធីផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ជា សុមេធី និងលោកជំទាវ សូមជូនពរវីរៈកងទ័ពទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រសកម្មភាពនេះ និងសូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ប្រសិទ្ធិពរបវរសួស្ដីមហាប្រសើរ និងឈ្នះអស់មាសត្រូវ ព្រមទាំងសមប្រកបនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា)





