ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះជំរុញការស្ថាបនាជម្រកសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជនភៀសសឹកនៅស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦-- ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះព្រំដែន ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីមទេសរដ្ឋមន្ត្រី អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ដើម្បីធានាថាបងប្អូនជនភៀសសឹកមានទីជម្រកសមរម្យ និងមានសេវាបម្រើជីវភាពគ្រប់គ្រាន់។

កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញចុះដល់ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។ ក្នុងបេសកកម្មនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើចំណុចគន្លឹះ រួមមាន ជំរុញឱ្យកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប បញ្ចប់ការងារសាងសង់ឱ្យបានឆាប់បំផុត។ ការរៀបចំតភ្ជាប់បណ្តាញទឹកស្អាត និងអគ្គិសនីដល់ខ្នងផ្ទះនីមួយៗ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ការស្ថាបនាផ្លូវក្នុងតំបន់ស្នាក់នៅ ដើម្បីសម្រួលដល់ការដឹកជញ្ជូនស្បៀង និងសម្ភារសង្គ្រោះ។

រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់ផ្ទះអតីតយុទ្ធជនដែលស្ថិតនៅលើផ្ទៃដីសរុប៤០០ ហិកតា ដើម្បីផ្ដល់ជាជម្រកសុវត្ថិភាពជូនពលរដ្ឋភៀសសឹកចំនួនផ្ទះ ៣,០០០ ខ្នង (ត្រូវបានកែសម្រួលសម្រាប់ជនភៀសសឹក) នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ "រាជរដ្ឋាភិបាល ខ្វល់ខ្វាយពីសុខទុក្ខបងប្អូនជនភៀសសឹកគ្រប់ពេលវេលា។ យើងមិនទុកឱ្យបងប្អូនណាម្នាក់រស់នៅដោយឯកោក្នុងស្ថានភាពលំបាកនេះឡើយ"។ នេះជាការបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម។

បើទោះបីជាបទឈប់បាញ់បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ប៉ុន្តែស្ថានភាពនៅតំបន់ព្រំដែននៅតែមានភាពតានតឹង ដោយសារភាគីថៃបានរំលោភបំពានដែនអធិបតេយ្យ តាមរយៈការដាក់របាំងបន្លាលួស និងទូកុងតឺន័ររារាំងមិនឱ្យពលរដ្ឋខ្មែរចូលទៅកាន់ដីធ្លីផ្ទាល់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំមណ្ឌលស្លក្រាមនេះគឺជាកិច្ចអន្តរាគមន៍បន្ទាន់ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងដោះស្រាយតាមផ្លូវការទូត និងច្បាប់ដើម្បីទាមទារសិទ្ធិលើដីធ្លីជូនពលរដ្ឋវិញ ការធានាសុវត្ថិភាព និងជីវភាពនៅតំបន់ភៀសសឹកគឺជាអាទិភាពចម្បងបំផុតដែលត្រូវដោះស្រាយចំពោះមុខ។ តាមរយៈសកម្មភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ក្នុងកាលៈទេសៈនៃវិបត្តិ និងការគំរាមកំហែងដល់អធិបតេយ្យភាព ថ្នាក់ដឹកនាំកម្ពុជាតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីធានាថា "គ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ចោល" ឡើយ៕
ដោយ ឈុន សារ៉ាត





