បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រារព្ធពិធីសូត្រមន្តបង្សុកូល ឧទ្ទិសកុសល ដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល
AKP កំពង់ធំ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦--ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅពេលខាងមុខនេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមចំណែកអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជាក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងលោកជំទាវ នួន វិធាវី ដោយមានការចូលរួមពីនាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងក្រុមគ្រួសារយ៉ាងច្រើនកុះករ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយយោធិនក្រោមឱវាទព្រមទាំងក្រុមគ្រួសារបានមូលមតិគ្នារៀបចំពិធីសូត្រមន្តបង្សុកូលរាប់បាត្រឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិនិងមាតុភូមិ នឹងបានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅក្នុងឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសនោះ ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានសម្ដែងរបាំត្រុដិ បណ្ដេញឧបទ្រុពចង្រៃនៅក្នុងឆ្នាំចាស់ និងជូនពរសព្វសារធុការនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្នុងឆ្នាំមមីនេះជូនដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងយោធិនគ្រប់រូប និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខសេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ច ឈ្នះអស់មារសត្រូវ និងទទួលបាននូវសុខភាពល្អសុភមង្គលគ្រប់ៗក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ស៊ុម វណ្ណា





