ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពង្រឹងស្មារតីសាមគ្គីភាពក្នុងអង្គភាព
AKP តាកែវ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តតាកែវ អភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តតាកែវ ចូលរួមជាច្រើនរូបផងដែរ ដោយពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំនៃរដ្ឋបាលខេត្ត កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្ត ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។ ឯកឧត្តមបានគូសបញ្ជាក់ថា ភាពរីកចម្រើននិងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តតាកែវនាពេលបច្ចុប្បន្ន គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការគ្រប់រូប ក្នុងការផ្តល់សេវាសាធារណៈបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ និងការណែនាំសំខាន់ៗ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងនោះ មន្ត្រីម្នាក់ៗត្រូវបានចាត់ទុកជាមន្ត្រីដែលបានរួមការងារជាបងប្អូន ក្នុងគ្រួសាររដ្ឋបាលតែមួយ។ ត្រូវសហការគ្នាឱ្យបានស្អិតរមួត ដើម្បីឱ្យការងារទាំងឡាយដំណើរការទៅបានរលូននិងជោគជ័យ។ត្រូវលុបបំបាត់ភាពអសកម្ម ក្នុងនាមជាអ្នកបម្រើរាស្ត្រ យើងមិនត្រូវមើលបំណាំគ្នា ឬច្រណែនឈ្នានីសគ្នានោះទេ។ ផ្ទុយទៅវិញយើងត្រូវចេះច្នៃប្រឌិត និងចេះជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការសម្រួលសេវាផ្សេងៗជូនពលរដ្ឋ ដែលមកកម្សាន្តក្នុងខេត្ត ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីខាងមុខ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ផងដែរថា ភាពជោគជ័យនៃរដ្ឋបាលខេត្ត មិនមែនកើតចេញពីបុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជាលទ្ធផលនៃការរួមសាមគ្គីគ្នា។ បើយើងចេះជួយគ្នា មិនមើលបំណាំគ្នា នោះរាល់បញ្ហាប្រឈមនឹងត្រូវបានដោះស្រាយ ហើយលទ្ធផលការងារនឹងទទួលបានផ្លែផ្កាជាទីមោទនៈ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជូនពរឱ្យមន្ត្រីរាជការ និងក្រុមគ្រួសារ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយគ្រប់ៗគ្នា៕
ដោយ អ៊ុច សៀង





