លោកជំទាវ ឃួន ឃុនឌី អញ្ជើញជួបសំណេះសំណាលជាមួយអតីតមន្ត្រីចូលនិវត្តន៍ អង្គភាពសាលាខេត្ត មន្ទីរកិច្ចការនារី មន្ទីរព័ត៌មានខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦--លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ អញ្ជើញជួបសំណេះសំណាល ជាមួយអតីតមន្ត្រីចូលនិវត្តន៍ "អង្គភាពសាលាខេត្ត មន្ទីរកិច្ចការនារី មន្ទីរព័ត៌មានខេត្តកំពង់ធំ" នៅសាលប្រជុំប្រាសាទតោនៃសាលាខេត្តកំពង់ធំដោយមានការចូលរួមពីលោកជំទាវ យស ថានារី តំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវ លឹម មួយស្រៀន ភរិយាឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកជំទាវ សុខ ចន្ទធូ ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម លោកជំទាវលោកលោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយអតីតមន្ត្រីចូលនិវត្តន៍ជាច្រើនរូប។

លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ការជួបជុំគ្នានៅពេលនេះពិតជាមាននូវក្តីរំភើបរីករាយក្រៃលែងដែលបានមកចូលរួមជួបសំណេះសំណាលសួរសុខទុក្ខ លោកពូ អ្នកមីងបងៗទាំងអស់ ដែលជាមន្ត្រីចូលនិវត្តន៍ខ្លះជាថ្នាក់ដឹកនាំ ហើយខ្លះទៀតជាសហការី។ យើងបែកគ្នាជាច្រើនឆ្នាំមកហើយ បានធ្វើឱ្យខ្ញុំជាអ្នកជំនាន់ក្រោយនឹកអាល័យនៅសកម្មភាពដ៏រស់រវើកដែលរៀមច្បងបានចែករំលែកនូវបទពិសោធន៍ការងារ ចំណេះដឹង ជំនាញ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង អភិវឌ្ឍន៍អង្គភាពមានការរីកចម្រើនជាបន្តបន្ទាប់។

លោកជំទាវបានបន្តថា ដោយកីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅនៃមហាគ្រួសាររដ្ឋបាលខេត្តទាំងមូល លោកពូ អ្នកមីង បងប្អូន មន្ត្រីអតីតចូលនិវត្តន៍ ដែលបានចែករំលែកបទពិសោធន៍សកម្មភាពនៃការពង្រឹងសមត្ថភាពរបស់មន្ត្រីយើង គ្រប់ឋានានុក្រមនៃរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធដែលបានសហការគ្នា។សកម្មភាពទាំងអស់នេះហើយ ដែលជាគំរូវីរភាពដែលយើងខ្ញុំជាអ្នកជំនាន់ក្រោយ មិនអាចមើលរំលងបាន ហើយក៏មិនអាចបំភ្លេចបាន។ សកម្មភាព និងបទពិសោធន៍ដ៏រស់រវើកដែលលោកពូ អ្នកមីង បងៗ ដែលរួមសហការគ្នា បានចូលរួមថែទាំការពារជាតិមាតុភូមិយើងនៅពេលនេះ។

លោកជំទាវបានបន្ថែមទៀតថា ក្រោយពីប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត រណសិរ្សសាមគ្គីសង្គ្រោះជាតិ បានសង្គ្រោះប្រជាពលរដ្ឋកម្ពុជាយើងបានកកើតឡើង ដើម្បីអភិវឌ្ឍប្រទេសជាតិ។ កាលនោះបងៗ អ្នកមីង សុទ្ធសឹងតែជាអ្នកស្នេហាជាតិ ស្រឡាញ់នប្រទេសជាតិ បានចូលរួមបម្រើការងារនៅគ្រប់ស្ថាប័ន អង្គភាព ដែលបានចូលរួមចំណែក ការពារ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិឱ្យមានការវិវត្តរីកចម្រើនជារៀងរហូត។ នេះជាអតីតកាលដែលយើងនាំគ្នាថែរក្សាបានមកដល់ពេលនេះមិនមែនបានមកដោយឯងៗនោះទេ គឺមានការលះបង់ទាំងស្មារតីអាយុជីវិត របស់បងប្អូន មន្ត្រីរាជការគ្រប់ឋានៈទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលធ្វើឱ្យប្រទេសជាតិរបស់យើងមានសន្តិភាពរហូតមកដល់ពេលនេះ។
លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាបានផ្តាំផ្ញើដល់លោកអ៊ំ ពូមីង បងប្អូន អតីតមន្ត្រីចូលនិវត្តន៍ទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ រស់នៅស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សូមជួយអប់រំណែនាំកូនចៅ ចូលរួមលេងល្បែងប្រជាប្រិយទាំងអស់គ្នា៕
ដោយ ស៊ុម វណ្ណា





