អាជ្ញាធរខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន និងនិវត្តជន
AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុកគ្រួសារអតីតយុទ្ធជន និងនិវត្តជន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ នៅស្នាក់ការសមាគមអតីតយុទ្ធកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំខេត្ត លោក លោកស្រី និងអាជ្ញាធរស្រុកផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានការស្ញប់ស្ញែង និងកោតសរសើរខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និងចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ មានភាពប្រសើរមួយកម្រិតនោះ ដោយបានលើកឡើងថា “ខ្ញុំពិតជារីករាយពេលឃើញបងប្អូនប្រឹងប្រែងឧស្សាហ៍ព្យាយាមក្នុងការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីកសាងជីវភាពបែបនេះ”។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ដល់បងប្អូន និងគ្រួសារអតីតយុទ្ធជនមានជីវភាពរស់នៅរបស់បងប្អូនដែលជួបការលំបាកដោយប្រការរផ្សេងៗ បើទោះបីបងប្អូនរងភាពពិការព្រោះតែសង្គ្រាម តែបងប្អូនមិនផ្តេកផ្តួលពឹងផ្អែករាជរដ្ឋាភិបាលទាំងស្រុងនោះឡើយ និងកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងនេះ។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យអស់ពីលទ្ធភាព និងជំរុញកូនចៅឱ្យទៅចូលរៀនឱ្យបានខ្ពស់ ដើម្បីអនាគតពួកគាត់មានភាពរុងរឿង មានចំណេះដឹង និងសមត្ថភាពពេញលេញ និងងាយស្រួលរកការងារធ្វើ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិ។
ឯកឧត្តម លោកជំទាវ និងមន្ត្រីអមដំណើរ បានចែកវត្ថុអនុស្សាវរីយ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជូនអតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារចំនួន៥០គ្រួសារ ដោយទទួលបាន អង្ករមួយការ៉ុង មី១កេះ ភេសជ្ជ១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ទឹកសុទ្ធ១យួរ ក្រមា១ ភួយ១ និងថវិកាមួយចំនួនផងដែរ៕
ដោយ បៃ ស៊ីថុន





