សូមបងប្អូនប្រជាពលរដ្ឋពិសាទឹកឱ្យបានច្រើន ខណៈរលកកម្ដៅអតិបរមា៣៧°C នៅព្រះរាជាណាចក្រកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥-- សូមបងប្អូនប្រជាពលរដ្ឋពិសាទឹកឱ្យបានច្រើន ខណៈ រលកកម្ដៅអតិបរមា៣៧°C នៅព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រ កម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូពីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។ ២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។ ៣- តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕
ដោយ សួស សំរិត





