ក្រសួងសេដ្ឋកិច្ច និងក្រុមហ៊ុន HyalRoute ត្រៀមចុះហត្ថលេខាបន្តគម្រោងអ៊ីនត្រាណិតជំហានទី២
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥--ភាពជោគជ័យនៃការអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី១ បានក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការរុញច្រានកិច្ចសហការរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុន HyalRoute ឱ្យឈានទៅរកដំណាក់កាលថ្មីមួយទៀត។ ជាសក្ខីភាព ភាគីទាំងពីរនឹងត្រៀមរៀបចំពិធីចុះហត្ថលេខាប្រគល់-ទទួល ដើម្បីបន្តអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី២។

ការប្រកាសពីជំហានបន្ទាប់ដ៏សំខាន់នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាមួយគណៈប្រតិភូក្រុមហ៊ុន HyalRoute Communication Group និងក្រុមហ៊ុន CFOCN ដឹកនាំដោយលោកស្រី Dana Dong កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតសភាចារ្យបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងជំហានទី១ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់បណ្តាញផ្ទៃក្នុងរបស់ក្រសួង និងការជំរុញបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងត្រៀមខ្លួនជាស្រេចក្នុងការជួយគាំទ្រដល់ក្រុមហ៊ុនក្នុងនាមជាដៃគូសហការយូរអង្វែង ដើម្បីជំរុញឱ្យអាជីវកម្មរបស់ក្រុមហ៊ុនកាន់តែរីកចម្រើន។
លោកស្រី Dana Dong នាយិកាប្រតិបត្តិក្រុមហ៊ុន HyalRoute បានបង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងលើបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសការគាំទ្រពីសំណាក់ក្រសួងសេដ្ឋកិច្ច តាំងពីឆ្នាំ២០០៦មក។ លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុនមេ HyalRoute ក៏ដូចជា CFOCN បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបន្តគាំទ្រ និងអនុវត្តគម្រោងអ៊ីនត្រាណិតជំហានទី២ ឱ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់នៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានស្នើឱ្យក្រុមហ៊ុនបន្តចូលរួមឱ្យកាន់តែសកម្មក្នុងការវិនិយោគបណ្តាញខ្សែកាប្លិ៍ក្រោមដី ដើម្បីពង្រឹងគុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរ និងគ្របដណ្ដប់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា ជំនួបដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅស្របពេលដែលក្រសួងសេដ្ឋកិច្ចទើបតែប្រកាសបើកជំហានទី៤ នៃគម្រោង FMIS ដែលជាការបោះជំហានដ៏ធំមួយទៀតក្នុងការពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕
ដោយ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





