រដ្ឋមន្រ្តីក្រសួងបរិស្ថានចាត់ឱ្យមន្ត្រីចុះស៊ើបអង្កេតករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺ២រូប ត្រូវបានផ្សព្វផ្សាយថាជាប់ពាក់ព័ន្ធទទួលយកប្រាក់ពីក្រុមហ៊ុនកែច្នៃដំណាប់ស្វាយមួយនៅខេត្តកំពង់ស្ពឺ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥--មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចំនួន២រូប ត្រូវបានជាប់សង្ស័យថាបានទាមទារប្រាក់ចំនួន៦០០ដុល្លារ ពីរោងចក្រដំណាប់ស្វាយនៅខេត្តកំពង់ស្ពឺ ដែលជាថ្នូរមិនចាត់វិធានការបំពុលប្រភពទឹក។

ក្រសួងបរិស្ថាននៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៦នេះបានរាយការណ៍ដោយបញ្ជាក់ថា ក្នុងករណីនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានចាត់ឱ្យមន្ត្រីជំនាញ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ ចុះពិនិត្យស្រាវជ្រាវករណីនេះជាបន្ទាន់។ ក្នុងការចុះស្រាវជ្រាវនេះដែរ ក្រុមន្រ្តី បានចុះទៅដល់ទីតាំងរោងចក្រខ្នាតតូច កែច្នៃដំណាប់ស្វាយ ឈ្មោះ ហុង ចេងហ្វាង ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានជួបតំណាងក្រុមហ៊ុន ជាជនជាតិចិន និងអ្នកបកប្រែចំនួន២នាក់។ ប្រភពដដែលនេះបានបញ្ជាក់ថា ក្នុងការជជែក និងការសាកសួរ ស្វិតស្វាញដើម្បីយកចម្លើយ និងស៊ើបអង្កេតរកឱ្យឃើញខានតែបាន ដើម្បីស្វែងរកការពិតជាក់ស្តែង។

បើយោងតាមក្រសួងបរិស្ថានបានបញ្ជាក់ក្នុងសេចក្តីរាយការណ៍របស់ខ្លួនតាមរយៈបណ្តាញសង្គមឱ្យដឹងថាការចុះស៊ើបអង្កេតនៅទីតាំងរោងចក្រនេះ ធ្វើឡើងតាមបញ្ជា របស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បន្ទាប់ពីឃើញការផ្សព្វផ្សាយថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទាមទារលុយពីរោងចក្រចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍ វាយតម្លៃមិនល្អលើការងារគ្រប់គ្រងសំណល់រឹង រាវ ក្នុងរោងចក្រ ប៉ុន្តែក្រោយ បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ។

ក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងបន្ថែមថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ នៅថ្ងៃទី៤ ខែមីនា ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា៖ «ក្រសួងបរិស្ថាននឹងមិនទុកឱ្យករណីនេះចប់ ដោយមិនដឹងខុសត្រូវ ហើយមិនមានអ្នកទទួលខុសត្រូវនោះទេ។ ក្រសួងបរិស្ថាន មិនអនុញ្ញាត ឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ។ មន្ត្រីប្រព្រឹត្តខុស នឹងទទួលខុសត្រូវ តែបើមិនបានប្រព្រឹត្តខុសទេ នឹងទទួលបានយុត្តិធម៌»៕

ដោយ៖ មករា





