គម្រោងរេដបូកកែវសីមាសម្ភោធឱ្យប្រើប្រាស់ជាអគារស្នាក់ការរងចំនួនបីនៅដែនជម្រកសត្វព្រៃកែវសីមា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥-- គម្រោងរេដបូកកែវសីមាមានសេចក្តីរំភើបរីករាយក្នុងការចូលរួមចំណែកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការរងចំនួនបីគឺ ស្នាក់ការរងរកាថ្មី ទួលពង្រ និងស្រែផ្លែងនៃដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តមណ្ឌលគិរី។ នេះបើតាមការឱ្យពីគម្រោងរេដបូកកែវសីមា នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

ដោយមើលឃើញពីស្ថានភាពអគារស្នាក់ការមានសភាពតូច ចង្អៀត និងមិនមានបរិក្ខារគ្រប់គ្រាន់ គម្រោងរេដបូកកែវសីមា តាមរយៈអង្គការ WCS បានសហការជាមួយមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី បានសាងសង់អគារស្នាក់ការរងបន្ថែមចំនួន២ខ្នង ដែលមានស្នាក់ការរងរកាថ្មី និងស្នាក់ការរងទួលពង្រ ព្រមទាំងកែលម្អស្នាក់ការរងស្រែផ្លែង ដោយបានបំពាក់ប្រព័ន្ធអគ្គីសនីដើរដោយថាមពលព្រះអាទិត្យ និងប្រព័ន្ធទឹកស្អាត ដើម្បីផ្តល់ផាសុកភាពដល់មន្ត្រីឧទ្យានុរក្ស ភ្នាក់ងារល្បាត សម្រាប់ស្នាក់អាស្រ័យ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

អង្គការ WCS តាមរយៈការគាំទ្រថវិកាពីគម្រោងរេដបូកកែវសីមា បាន និងកំពុងធ្វើការយ៉ាងសកម្មជាមួយក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងប្រជាសហគមន៍ ក្នុងការការពារព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា។ តាមរយៈការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកបច្ចេកទេស គម្រោងបានរួមចំណែកក្នុងការពង្រឹងសមត្ថភាពការងាររបស់មន្ត្រីអនុវត្តច្បាប់ និងកាត់បន្ថយផលលំបាកដែលមន្ត្រីឧទ្យានុរក្សតែងជួបប្រទះ ក្នុងគោលដៅជំរុញការងារអភិរក្សធនធានធម្មជាតិ និងកាត់បន្ថយការបាត់បង់ព្រៃឈើ។

កម្មវិធីសម្ពោធអគារស្នាក់ការនេះធ្វើឡើងក្រោមអធិបតីភាព លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី លោក នេត វិបុល នាយករងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) លោក លោកស្រី តំណាងមន្ទីរពាក់ព័ន្ធ អជ្ញាធរមូលដ្ឋាន មន្ត្រីឧទ្យានុរក្ស ភ្នាក់ងារល្បាត និងសមាជិកសហគមន៍ សរុបអ្នកចូលរួមចំនួន ៣២នាក់ ដែលបានប្រព្រឹត្តធ្វើទៅនៅស្នាក់ការរងរកាថ្មី ស្ថិតនៅភូមិពូហ៉្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕
ដោយ ណយ នឿន (ប្រភព៖ គម្រោងរេដបូកកែវសីមា)





