ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
AKP កំពង់ស្ពឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦—ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដាក់ចេញនូវវិធានការក្តៅ និងបទបញ្ជាម៉ឺងម៉ាត់បំផុត ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគោលដៅប្រែក្លាយខេត្តកំពង់ស្ពឺឱ្យទៅជាតំបន់ប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង/ស្រុក ទាំងអស់ ឯកឧត្តមបានសង្កត់ធ្ងន់លើវិធានការក្តៅ ចំពោះក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូបង្កការអសន្តិសុខតាមដងផ្លូវ ដោយបញ្ជាឱ្យសមត្ថកិច្ចឃាត់រក្សាទុកមធ្យោបាយចាប់ពី ៣ខែ ទៅ ៦ខែ ដោយគ្មានការលើកលែង ដើម្បីពង្រឹងការរាងចាល។ ត្រូវបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព បង្ក្រាបរាល់ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)។

ឯកឧត្តមបានបន្តទៀតថា សូមឱ្យស្នងការដ្ឋាននគរបាលខេត្ត រឹតបន្តឹងការត្រួតពិនិត្យចរាចរណ៍ និងបន្តផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក ពិសាគ្រឿងស្រវឹង សូមកុំបើកបរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានយកចិត្តទុកដាក់លើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ដោយជំរុញឱ្យបង្កើតសហគមន៍នេសាទតាមស្ទឹងព្រែកត្នោត និងរៀបចំប្រព័ន្ធគ្រប់គ្រងសំរាមនៅតាមបណ្តារោងចក្រសហគ្រាសឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុខភាពសាធារណៈក្នុងខេត្តទាំងមូលផងដែរ៕

ដោយ៖ ម៉ែន ប៊ុនធីម





