គ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង ជាប្រធានបទដ៏ក្តៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦—ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង ជាប្រធានបទដ៏ក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឱ្យខាងតែបាន។ ដូច្នេះឯកឧត្តម លី សំរិទ្ធ បានដាក់បញ្ហានេះទៅឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលគ្រប់កម្លាំងសមត្ថកិច្ច មានតួនាទីក្នុងការបង្ក្រាបក្រុមក្មេងទំនើងនិងបទល្មើសខាងលើ កុំឱ្យកើតមានក្នុងមូលដ្ឋាន ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ សំខាន់ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយើង ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនៅថ្ងៃខងមុខនេះ។

ការគូសបញ្ជាក់របស់ឯកឧត្តម លី សំរិទ្ធ ខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានប្រព្រឹត្តិទៅនៅថ្ងៃ៤រោចខែចេត្រឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៦ខែមេសាឆ្នាំ២០២៦ នៅសាលប្រជុំ សាលាខេត្តសៀមរាប ដែលមានសមាជិកអង្គប្រជុំមកពីបណ្តាអង្គភាពនានាដែលចំណុះ ឱ្យរដ្ឋបាលខេត្តសៀមរាបចូលរួម។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្តសៀមរាបនោះ ក៏បានត្រួតពិនិត្យនិងឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបានប្រចាំខែមីនាឆ្នាំ២០២៦ និងបានពង្រឹងពីរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ខ័ណ្ឌ ក្រុង ស្រុក ក្រោយពីសន្និបាតរបស់ក្រសួងមហាផ្ទៃ ដែលបានជំរុញដល់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត ខ័ណ្ឌ ក្រុង ស្រុក ឱ្យដំណើរការទៅបានល្អបន្ថែមទៀត៕


ដោយ៖ ហង្ស សៀក





