ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្តល់ភេសជ្ជៈជាង ៣,០០០កេស ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ខែមេសាឆ្នាំ២០២៦--ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាការត្រៀមលក្ខណៈអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងតំណាងនាំយកអំណោយសប្បុរសធម៌ជាភេសជ្ជៈយ៉ាងច្រើនសន្ធឹកសន្ធាប់ មកប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្ត ទៅកាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខា ធិការក្រសួងរៀបចំដែនដី នគរូបនី យកម្ម និងសំណង់ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ 
នៅក្នុងឱកាសនោះ ឯកឧត្តម ផារ៉ា មង្គលបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា អំណោយភេសជ្ជៈចម្រុះចំនួនជាង ៣,០០០កេស នាពេលនេះ គឺជាសក្ខីភាពនៃទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងការចូលរួមចំណែកសម្រាលការលំបាក និងជាការលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ក្នុងសកម្មភាពបម្រើសេវាសាធារណៈ និងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសក្នុងកំឡុងពេលពិធីបុណ្យជាតិធំៗ។ 
ជាការឆ្លើយតប ក្នុងនាមរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រីអភិបាលខេត្ត បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ដែលតែងតែផ្តល់ក្តីមេត្តា និងការគិតគូរដល់ខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាអំណោយដ៏ថ្លៃថ្លានាពេលនេះ មិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់រដ្ឋបាលខេត្ត ក្នុងការបន្តបេសកកម្មបម្រើជាតិ និងប្រជាជនឱ្យកាន់តែប្រសើរឡើង។ យើងខ្ញុំសូមសន្យានឹងប្រើប្រាស់អំណោយទាំងនេះឱ្យចំគោលដៅ ដើម្បីផ្តល់ជាប្រយោជន៍ដល់មន្ត្រី និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម៕
ដោយ ៖ឈុនសារ៉ាត





