ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន ចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ចំនួន១៦១ គ្រួសារ នៅក្រុងសំរោង
AKP ឧត្តរមានជ័យ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានសមាគមនិស្សិតមុស្លីមកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ចុះសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក សរុបចំនួន ១៦១ គ្រួសារ ស្ថិតក្នុងសង្កាត់កូនគ្រៀលក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានថ្លែងថា ការផ្ដល់កម្លាំងចិត្ត និងការជួយជ្រោមជ្រែងដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារសង្គ្រាម គឺជាកិច្ចការមនុស្សធម៌ដ៏ឧត្តុង្គឧត្តម យ៉ាងជិតស្និទ្ធជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ និងផ្ដល់កម្លាំងចិត្តដល់ពួកគាត់ឱ្យបន្តជម្នះរាល់ការលំបាកក្នុងគ្រាមានវិបត្តិ។ មិនតែប៉ុណ្ណោះ ក៏ជាការពង្រឹងសាមគ្គីភាព សកម្មភាពនេះបង្ហាញពីការរួមរួមកម្លាំងគ្នារវាងថ្នាក់ដឹកនាំរដ្ឋសភា យុវជន និងអាជ្ញាធរក្រុង ក្នុងការគិតគូរពីសុខទុក្ខរបស់ពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការ ឬសាសនាឡើយ។

បន្ថែមលើនេះ មានការចែកអំណោយគ្រឿងឧបភោគ-បរិភោគ ដែលអំណោយត្រូវបានផ្ដល់ជូនដល់ប្រជាពលរដ្ឋសរុបចំនួន១៦១គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន១០គីឡូក្រាម ត្រីខ ១ដុំ ស្ករស ១គីឡូក្រាម ប្រេងឆា ២ដប ។

លោក រិន សាគរ អភិបាលរងក្រុងសំរោង បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិបាលខេត្ត លោកអភិបាលក្រុង ជូនដល់បងប្អូនពលរដ្ឋ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន ដែលតែងតែនាំយកនូវទឹកចិត្តសប្បុរសធម៌មកកាន់ក្រុងសំរោង ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋជានិច្ច ៕

ដោយ៖ ទិត ស្រ៊





