ឯកឧត្ដម មាន ចាន់យ៉ាដា ចុះពិនិត្យវឌ្ឍនភាពការងារស្ដារប្រឡាយរំដោះទឹក ១ខ្សែនៅក្រុងសំរោង
AKP ឧត្តរមានជ័យ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦--ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ ចុះពិនិត្យវឌ្ឍនភាពការងារស្ដារប្រឡាយរំដោះទឹក ១ខ្សែក្រុងសំរោង ចាប់ពីចំណុចសណ្ឋាគារឈឺនប្រាក់កប ឆ្ពោះទៅសាលាបឋមសិក្សាដូនកែន-ភ្នៀត និងផ្ដល់អនុសាសន៍ ដឹកនាំបន្ត ដើម្បីសម្រេចស្របតាមផែនការកំណត់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្ដម មាន ចាន់យ៉ាដា បានថ្លែងថា ការស្តារឡើងវិញ នូវប្រឡាយរំដោះទឹកចេញពីទីប្រជុំជនក្រុង ១ខ្សែនេះ គឺជាកិច្ចការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយ ដើម្បីធានានូវចីរភាព និងសណ្តាប់ធ្នាប់ទីក្រុង ការរំដោះទឹកភ្លៀងចេញពីផ្លូវ និងលំនៅឋានឲ្យបានទាន់ពេលវេលា។

ឯកឧត្ដមបន្តថា នៅពេលមានប្រឡាយខ្វាត់ខ្វែង និងមានប្រសិទ្ធភាព វាជួយកាត់បន្ថយការកកស្ទះទឹកនៅលើដងផ្លូវ មិនបង្កការលំបាកដល់ការធ្វើដំណើរ និងការខូចខាតដោយសារទឹកជំនន់នារដូវវស្សាទៀតនោះទេ។


ការកាយប្រឡាយរំដោះទឹក មិនត្រឹមតែជាការដោះស្រាយបញ្ហាទឹកជំនន់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើ សុខភាពសាធារណៈ សេដ្ឋកិច្ច និងភាពស្រស់បំព្រង នៃទីក្រុងទាំងមូលផងដែរ ៕
ដោយ ៖ទិត ស្រ៊





