គណៈប្រតិភូមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦–ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រោមឱវាទចូលជួបសម្តែងការគួរសម និងគោរពជូនពរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នាវិមានព្រឹទ្ធសភា។

សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលនឹងឈានចូលមក ដល់នាពេលខាងមុខនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា និងសហការីសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាមរាក្យសារទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម សូមព្រះអង្គតាមបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះគណៈប្រតិភូក៏បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែករបស់ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងការដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានទទួលបាននូវការរីកចម្រើនយ៉ាងធំធេង ដែលនាំឱ្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សូមយកជាគំរូ និងរៀនសូត្រតាម ដើម្បីការរីកចម្រើន។

ជាការឆ្លើយតប ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងអំណរគុណចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា ដែលបានដឹកនាំគណៈប្រតិភូមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពចូលជូនពរឆ្នាំថ្មីដល់ឯកឧត្តមនាពេលនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រី និងបុគ្គលិកទាំងអស់របស់មជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព ដែលបានខិតខំក្នុងការបំពេញការងារនាពេលកន្លងមកធ្វើឱ្យការចូលរួមរក្សាសន្តិភាពរបស់កងកម្លាំងមួកខៀវកម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នាំមកនូវមុខមាត់ កិត្តិយសយ៉ាងធំធេងជូនជាតិ និងប្រជាជនកម្ពុជា ដែលពីមុនកម្ពុជា ធ្លាប់ជាប្រទេសទទួលកងកម្លាំងអង្គការសហប្រជាជាតិឱ្យមករក្សាសន្តិភាព តែបច្ចុប្បន្នកម្ពុជាបានក្លាយ ជាប្រទេសដែលបញ្ជូនកងកម្លាំអឱ្យទៅរក្សាសន្តិភាពនៅតាមបណ្តាប្រទេស ដែលហែកហួរដោយសារ សង្គ្រាមវិញម្តង។ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាបានគូសបញ្ជាក់ថា ការនេះគឺដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី ទើបកម្ពុជាមានឱកាសអាចបញ្ជូនកងកម្លាំងឱ្យទៅរក្សាសន្តិភាពនៅ ក្រៅប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិបានដូចពេលបច្ចុប្បន្ន៕
ដោយ៖ ចាន់ សុភឿន





