គណៈប្រតិភូវៀតណាម ជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
AKP បាត់ដំបង ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦—គណៈប្រតិភូវៀតណាម ដឹកនាំដោយ ឯកឧត្តម ង្វៀន ទ្រុងគៀន ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម នៅបរទេសនៃក្រសួងការបរទេសវៀតណាម និងឯកឧត្តម ត្រឹន ទួនអាញ់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានអញ្ជើញចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្ត ពិធីនេះបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ។

ឯកឧត្តម សុខ លូ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យជាតិគឺថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។
ប្រតិភូវៀតណាម បានលើកឡើងថា ទំនាក់ទំនងវៀតណាម និងកម្ពុជាគឺជាទ្រព្យសម្បត្តិដ៏មហិមាសម្រាប់ប្រទេសទាំងពីរ ហើយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេសមានតួនាទីក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសវៀតណាមនិងកម្ពុជា។
ឯកឧត្តម សុខ លូ ថ្លែងឱ្យដឹងថា កន្លងមករដ្ឋបាលខេត្តបាត់ដំបងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តមួយចំនួននៃប្រទេសវៀតណាម ប៉ុន្តែបច្ចុប្បន្នវៀតណាម បានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលថ្មី ដូច្នេះ រដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរួចជាស្រេចក្នុងការចងសម្ព័ន្ធមេត្រីភាពឡើងវិញជាមួយភាគីវៀតណាម។

ជាការឆ្លើយតបភាគីវៀតណាម បានឯកភាព និងជំរុញការចងសម្ព័ន្ធមេត្រីភាពរវាង ខេត្តបាត់ដំបង ជាមួយបណ្ដាខេត្តនៃប្រទេសវៀតណាម ដែលការចងសម្ព័ន្ធមេត្រីភាពនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ភាគីវៀតណាមបានលើកសរសើរពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបង ជាពិសេសអង្ករបាត់ដំបង និងផលិតផលជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ភាគីវៀតណាម ក៏បានថ្លែងអំណរគុណដល់ រដ្ឋបាលខេត្តបាត់ដំបង ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អ និងបង្កលក្ខណៈងាយស្រួលជូនចំពោះជនជាតិវៀតណាម។ ភាគីវៀតណាមបានលើកឡើងពីការយកសំណាកដីនៅខេត្តបាត់ដំបង ទៅពិសោធន៍វិភាគគុណភាពនៅទីក្រុងហូជីមិញនៃប្រទេសវៀតណាម ដើម្បីពិនិត្យលទ្ធភាពរកមើលដំណាំដែលមានសក្ដានុពលអាចដាំដុះនៅខេត្តបាត់ដំបង ដើម្បីជំរុញការវិនិយោគ៕
ដោយ៖ ណយ នឿន ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





