បទយកការណ៍៖ ខេត្តសៀមរាប ត្រៀមរួចរាល់សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្ដរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ
AKP សៀមរាប ថ្ងៃទី0៦ ខែមេសា ឆ្នាំ២០២៦--នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងប្រព្រឹត្តទៅ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងចេញដើរកម្សាន្តទៅតាមតំបន់ទេសចរណ៍នានា នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះ ខេត្តសៀមរាប ក៏ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ ដែលភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរក្រៅប្រទេសមកពីគ្រប់ជាតិសាសន៍ ចង់ទៅទស្សនាកម្សាន្ដដោយមិនសូវមើលរំលង ផងដែរ។

ជារៀងរាល់ឆ្នាំ ខេត្ដសៀមរាប តែងតែរៀបចំព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីបង្ហាញអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ជាពិសេស ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យមកកម្សាន្ដសប្បាយនៅក្នុងខេត្ដសៀមរាប។ ប៉ុន្ដែ សម្រាប់ឆ្នាំ២០២៦នេះ ការរៀបចំព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដ រដ្ឋបាលខេត្ដសៀមរាប មិនបានរៀបចំឱ្យបានអធិកអធម និងធ្វើធំដូចបណ្ដាឆ្នាំមុនៗនោះទេ ដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត បានរៀបចំកម្មវិធីកម្សាន្ដនានា តាមទីកន្លែងផ្សេងៗ មួយចំនួន នៅក្នុងខេត្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

បើតាមអាជ្ញាធរខេត្ដសៀមរាបបានឱ្យដឹងថា ក្នុងឆ្នាំនេះ ការរៀបចំកម្មវិធីកម្សាន្ដនៅតាមទីកន្លែងនានា ក្នុងខេត្ដនេះ គឺដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារព្រះរាជដំណាក់ សួនច្បារព្រះអង្គចេកព្រះអង្គចម និងតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានថ្មវត្តរាជបូណ៌ ។

ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ចូលរួមកម្សាន្ដសប្បាយក្នុងអំឡុងពេលសម្រាកពីការងារ ដើម្បីស្វែងយល់ និងបង្ហាញឱ្យឃើញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងចូលរួមលេងកម្សាន្ដនូវល្បែងប្រជាប្រិយខ្មែរ ដែលមានតាំងពីបុរាណកាលមក។ ទន្ទឹមនេះ ការរៀបចំកម្មវិធីធ្វើឡើងដើម្បីជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន ក៏ដូចជាចូលរួមក្នុងការស្ដារ និងលើកស្ទួយសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការគាំទ្រអំពីផលិតផលខ្មែរដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ ដោយអនុវត្តតាមពាក្យស្លោក «ភូមិមួយផលិតផលមួយ» ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា បើទោះបីឆ្នាំនេះ ខេត្តសៀមរាប មិនមានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត និងអង្គភាព មន្ទីរពាក់ព័ន្ឋ គ្រោងនឹងរៀបចំកម្មវិធីកម្សាន្តស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តដែរ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត ដើម្បីអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកចូលរួមកម្សាន្ត និងឈ្វេងយល់ពីវប្បធម៌ ប្រពៃណីខ្មែរ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ វិស័យទេសចរណ៍ ផងដែរ។ ឯកឧត្តមអភិបាលខេត្ដបានលើកឡើងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ខេត្តសៀមរាបនឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី ការសម្តែងសិល្បៈចម្រុះ ល្បែងប្រជាប្រិយ ជិះទូកកម្សាន្ត រាំស្គរដៃ ស្តង់ពិព័រណ៌ និងសកម្មភាព ផ្សេងៗតាមតំបន់ នៅតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពានថ្មព្រះរាជដំណាក់ទៅដល់ស្ពានថ្មផ្សារចាស់ ក្រុងសៀមរាប។

ទាក់ទងនឹងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះដែរ លោក ធិម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងដែរថា សម្រាប់សេវាកម្មទេសចរណ៍ មានទាំងសេវាម្ហូបអាហារ ភេសជ្ជរៈ សេវាកម្មស្នាក់នៅ សេវាកម្សាន្ត និងសេវាកម្មផ្សេងៗជាច្រើនទៀត នៅខេត្តសៀមរាប គឺបានត្រៀមរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលនឹងអញ្ជើញមកកម្សាន្តនៅក្នុងខេត្តសៀមរាប នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ដបានអះអាងថា៖ «សម្រាប់សេវាកម្មស្នាក់នៅ យើងមានសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានបើកឡើងវិញក្រោយកូវីដ មានចំនួន៥០០កន្លែង ស្មើនឹង១៥ ០០០ បន្ទប់ គិតជាគ្រែមាន ៣០ ០០០ គ្រែ។ ក្រៅពីនេះ យើងនៅមានហូមស្ទេរ(កន្លែងផ្ទះស្នាក់នៅ) កន្លែងបោះតង់ជាច្រើនកន្លែងទៀត។ ដូចនេះ សម្រាប់សេវាកម្មស្នាក់នៅ និងម្ហូបអាហារច្រើនមុខត្រូវទៅតាមជាតិសាសន៍នីមួយៗគឺមិនមានបញ្ហាទេ នៅខេត្តសៀមរាប គឺយើងអាចផ្គត់ផ្គង់បាន និងសូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តសៀមរាបឱ្យបានច្រើន។»
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានបន្ថែមថា មន្ទីរទេសចរណ៍ខេត្ដ ក៏បានណែនាំឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់នៅក្នុងខេត្តសៀមរាប ត្រូវរៀបចំបរិស្ថាន អនាម័យ នៅតាមបណ្តាទីតាំងរបស់ខ្លួនឱ្យបានស្អាត ការលក់ក្នុងតម្លៃសមរម្យ ដើម្បីធ្វើឱ្យការផ្គត់ផ្គង់គ្រប់សេវារបស់យើងមានភាពល្អប្រសើរ និងមានការជឿជាក់ ព្រមទាំងទទួលបានគាំទ្រពីសំណាក់ភ្ញៀវទេសចរ។
ទាក់ទងនឹងការត្រៀមលក្ខណៈផ្ដល់សេវាកម្មទេសចរណ៍នៅក្នុងខេត្ដសៀមរាបនេះដែរ លោក ខាន់វ៉ាន់ ឆាយ តំណាងឱ្យបណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី ក៏បានបញ្ជាក់ឱ្យដឹងដែរថា បណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី បានត្រៀមលក្ខណៈរួចរាល់ហើយ ដោយបានរៀបចំយ៉ាងយកចិត្តទុកដាក់ និងរក្សាគុណភាព និងតម្លៃជូនភ្ញៀវទេសចរ ជូនដល់ពុកម៉ែ បងប្អូន ដែលបានមកកម្សាន្ត មកទទួលទានអាហារ និងប្រើប្រាស់សេវាកម្មទេសចរណ៍ផ្សេងៗ ដែលមាននៅក្នុងសហគមន៍របស់លោក។ លោកក៏បានបញ្ជាក់អះអាងដោយបានសន្យាថា៖ «យើងនឹងផ្តល់សេវាជូនភ្ញៀវដោយយកចិត្តទុកដាក់បំផុត ហើយជាមួយគ្នានេះ អាជ្ញាធរ ឃុំព្រះដាក់ ក៏បានប្រជុំជាមួយអាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ ឱ្យរក្សាគុណភាពម្ហូបអាហារ និងតម្លៃជូនភ្ញៀវទេសចរឱ្យបានល្អ»។
សូមជម្រាបជូនថា តាមកម្មវិធីដែលបានរៀបចំដោយរដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបបានឱ្យដឹងថា ការរៀបចំកម្មវិធី “សៀមរាបសង្រ្កាន្ត” ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ គឺស្ថិតនៅបរិវេណសួនច្បារព្រះរាជដំណាក់ សួនច្បារព្រះអង្គចេកព្រះអង្គចម និងតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានថ្មវត្តរាជបូណ៌ ។ សម្រាប់កម្មវិធីសាសនា កម្មវិធីជិះទូកកម្សាន្ត កម្មវិធីស្ដង់ពិព័រណ៌ កម្មវិធីតន្ត្រីស្គរដៃ សកម្មភាពល្បែងប្រជាប្រិយ សកម្មភាពផ្សេងៗទៅតាមតំបន់ កម្មវិធីសម្ដែងសិល្បៈចម្រុះ កម្មវិធីប្រណាំងទូក កម្មវិធីប្រគុំតន្រ្តី និងកម្មវិធីលេងកម្សាន្ត ជាច្រើនទៀត។
ពាក់ព័ន្ធនឹងបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងការការពារសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្ដរជាតិនៅក្នុងខេត្ដសៀមរាបនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាច្រើននាក់ បានត្រៀមរួចជាស្រេចសម្រាប់ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជា ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកឧត្ដមសេនីយ៍ទោបានបន្តថា សម្រាប់នៅតាមបណ្ដារមណីយដ្ឋានទេសចរណ៍ នៅតាមបណ្ដាក្រុង ស្រុកផ្សេងៗទៀត ស្នងការដ្ឋានខេត្តសៀមរាប ក៏បានណែនាំឱ្យអធិការក្រុង ស្រុក ត្រៀមកម្លាំងការពារ រួចជាស្រេច ដើម្បីការពារដល់ភ្ញៀវទេសចរឱ្យមានសុវត្ថិភាពល្អ។ លោកឧត្ដមសេនីយ៍ទោស្នងការខេត្ដបានសង្កត់ធ្ងន់ថា៖ «សម្រាប់ក្នុងក្រុងសៀមរាប យើងមានកងកម្លាំងនគរបាល និងប្រជាការពារ សម្រាប់ត្រៀមជួយសម្រួលដល់សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ខណៈដែលយើងមានកម្លាំងអន្តរាគមន៍ជាច្រើននាក់ទៀត សម្រាប់ត្រៀមទៅជួយសម្រួលបញ្ចៀសចរាចរណ៍ដែលមានការកកស្ទះនៅតាមដងផ្លូវផ្សេងៗ ទាំងក្នុងក្រុង និងក្រៅក្រុងសៀមរាប។ ចំពោះផែនការទាំងអស់នេះ គឺបានដាក់ចេញរួចហើយ ដើម្បីត្រៀមអនុវត្តន៍តែប៉ុណ្ណោះ»៕
ដោយ៖ ឃុត សៅ





