ស៊ែប៊ី និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិក្សាថ្មីស្តីពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ -- ក្រសួងវិទ្យាសាស្ត្រអភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ស៊ែប៊ី បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសស៊ែប៊ី និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីពង្រីកគំនិតផ្តួចផ្តើមសិក្សារួមគ្នា រួមទាំងផែនការបង្កើតមន្ទីរពិសោធន៍កសិកម្មរួមគ្នាផងដែរ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងសាកលវិទ្យាល័យកសិកម្ម Shandong របស់ប្រទេសចិន និងមហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យ Novi Sad ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ អភិវឌ្ឍន៍បច្ចេកវិទ្យា និងនវានុវត្តន៍ស៊ែប៊ី លោកស្រី បេឡា បាលីន (Bela Balint)។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងផ្តោតលើគំនិតផ្តួចផ្តើមជាក់ស្តែង និងលើលទ្ធផល ជាពិសេសក្នុងការជំរុញផលិតភាពកសិកម្ម និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា លោកស្រី បាលីន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលស៊ែប៊ីក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសិក្សាចិន ដោយលោកស្រីបានបញ្ជាក់ពីសន្ទុះកើនឡើងនៃចំណងទ្វេភាគី។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ទន្ទឹមនឹងនេះ គណៈប្រតិភូចិនបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការសិក្សារវាងសាកលវិទ្យាល័យស៊ែប៊ីនិងចិនបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្តល់នូវលទ្ធផលជាក់ស្តែងនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





