រដ្ឋបាលខេត្តព្រះសីហនុត្រៀមរៀបចំសង្ក្រានឆ្នេរអូរឈើទាល បង្កើតកម្មវិធីសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ
AKP ព្រះសីហនុ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលក្រុងព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអាជ្ញាធរសង្កាត់ រៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅឆ្នេរអូរឈើទាលស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដើម្បីបង្កើតកម្មវិធីសប្បាយៗរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមប្រធានបទ "ស្មាមញញឹម និងក្តីសង្ឃឹមនៃខេត្តព្រះសីហនុ" ចាប់ពីម៉ោង ៣:០០នាទីរសៀលនៅបរិ វេណរង្វង់មូលក្លឹបឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនារតី ស្ថិតនៅឆ្នេរអូរឈើទាល។

ព្រឹត្តិការណ៍សង្ក្រាននៅរង្វង់មូលក្លឹបឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនារតី ឆ្នេរអូរឈើទាលនាពេលខាងមុខ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបានរៀបចំសង្ក្រាន្តនៅឆ្នេរអូរឈើទាល ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគិនមកចូលរួមលេងកម្សាន្តនៅសង្ក្រានឆ្នេរអូរឈើទាលក្រុងព្រះសីហនុ។ ឆ្នាំនេះ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងព្រះសីហនុ ក៏បានរៀបចំសង្ក្រាន្តមិនខុសពីឆ្នាំមុនដែរ។

ដើម្បីបង្កឱ្យមានភាពសប្បាយរីករាយជួបជុំគ្នាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឱ្យកាន់តែមានភាពសប្បាយរីករាយបន្ថែមទៀតនោះ គឺទាមទារឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព មានសន្តិភាពទើបយើងបានរៀបចំធ្វើការជួបជុំសង្រ្កានឆ្នេរអូរឈើទាល ទន្ទឹមនឹងការចូលរួមសប្បាយរីករាយនៅឆ្នេរអូរឈើទាល បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនរបស់យើងត្រូវចេះសាមគ្គីភាព មិត្តភាព ចេះស្រឡាញ់គ្នា មិនត្រូវសប្បាយបង្កជាអំពើហឹង្សាដែលសង្គមស្អប់ខ្ពើម។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញមកចូលរួមសប្បាយរីករាយក្នុងឱកាសសង្ក្រានឆ្នេរអូឈើទាល ជាពិសេសការកម្សាន្តសប្បាយរីករាយប្រកបទៅដោយភាពថ្លៃថ្នូរ រក្សាសីលធម៌ សុជីវធម៌ ការគោរពស្រឡាញ់គ្នាទៅវិញទៅមក ម្យ៉ាងទៀតសូមចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ កាន់តែមានភាពទាក់ទាញបន្ថែមទៀត។
សូមបញ្ជាក់ថា សង្ក្រានឆ្នេរអូរឈើទាល មានកម្មវិធីលេងល្បែងប្រជាប្រិយ៍ ការសម្តែងរបាំប្រជាប្រិយ៍ ការសម្តែងសិល្បៈ ការរាំលេង ក្នុងការលើកស្ទួយអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែផុលផុស សង្ក្រានឆ្នេរអូរឈើរទាលសង្ឃឹមថា មានការសប្បាយជាងឆ្នាំកន្លងមកជាក់ជាមិនខាន៕
ដោយ៖ ងូ សុមុនី





