សិល្បៈចម្លាក់ថ្ម គឺជាជំនាញដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា
AKP សៀមរាប ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ -- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្មនៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ឱ្យប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានប្រសើរ និងឱ្យជួយបង្ហាត់បង្រៀនដល់យុវជននៅទីនោះឱ្យចេះជំនាញដាប់ឆ្លាក់រូបអំពីថ្ម ដែលជាជំនាញដូនតាខ្មែរបន្សល់ទុកជាយូរមកហើយ។

លោក សេក សេន ម្ចាស់សិប្បកម្មចម្លាក់ថ្មនៅភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា លោកចេះជំនាញឆ្លាក់រូបថ្ម និងឈើដោយសារតែលោកបានចូលរៀននៅសាលាសិល្បៈ អាទីសង់អង្គរ (Artisans Angkor) ក្នុងខេត្តសៀមរាប តាំងតែពី ២០ឆ្នាំមុន។ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ លោកបានចេះជំនាញឆ្លាក់ថ្មនិងឈើជាច្រើន ដូចជាឆ្លាក់ក្បាច់ផ្កា ភ្ញី រូបសត្វ រូបអប្សរានិងរូបអាទិទេពជាច្រើនទៅតាមទម្រង់ក្បួនបុរាណរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនៅតាមប្រាសាទ និងសំណង់នានា។

លោក សេក សេន បានបញ្ជាក់ថា ក្រោមការជួយជ្រោមជ្រែងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យលោកជួយបង្រៀនជំនាញដាប់ឆ្លាក់ថ្មដល់យុវជនជំនាន់ថ្មីនេះ គឺលោកពេញចិត្តយ៉ាងខ្លាំង ហើយក៏កំពុងខិតខំប្រឹងប្រែងជួយបង្រៀនដល់យុវជន ដែលចង់ចេះជំនាញដាប់ឆ្លាក់ថ្មនេះឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យយុវជនទាំងនោះអាចបន្តថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតាខ្មែរ ឱ្យគង់វង្សបានយូរអង្វែងតទៅទៀត។ លោក សេក សេន សំណូមពរឱ្យយុវជនជាច្រើនគួរតែចូលមករៀនជំនាញដាប់ឆ្លាក់ថ្មនេះ ពីព្រោះវាប្រសើរជាងការយកពេលវេលាទៅចំណាយធ្វើរឿងអ្វីមួយដែលគ្មានប្រយោជន៍។

លោក សេក គីន ជាយុវជនម្នាក់ដែលបានចូលរៀនជំនាញដាប់ឆ្លាក់ថ្មនៅទីនោះរយៈពេល ៦ខែមកហើយ បានឱ្យដឹងថា បច្ចុប្បន្ន លោកចេះឆ្លាក់រូបសត្ វនិងក្បាច់ផ្សេងៗខ្លះៗនៅលើថ្ម។ លោកថា រូបលោកពេញចិត្តនឹងជំនាញឆ្លាក់ថ្មនេះ ពីព្រោះវានឹងធ្វើឱ្យលោកមានចំណេះពិតប្រាកដនៅថ្ងៃខាងមុខ ព្រមទាំងអាចរកប្រាក់កម្រៃជួយដល់ជីវភាពគ្រួសារបានល្អជាងការងារសំណង់ដែលលោកធ្លាប់ធ្វើកន្លងមក។

បច្ចុប្បន្ននេះ បើទោះបីជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរាកំពុងជួយជ្រោមជ្រែងដល់សិប្បកម្មចម្លាក់ថ្មនៅភូមិធម្មជាតិរុនតាឯក រយៈពេល ៣ឆ្នាំទៅមុខទៀតក៏ដោយ ក៏មានយុវជនតិចតួចបានទៅរៀន និងចាប់យកជំនាញនេះនៅឡើយ។ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថាសិល្បៈចម្លាក់ថ្ម គឺជាសម្បត្តិបេតិកភណ្ឌអរូបីដ៏មានតម្លៃមួយក្នុងចំណោមសម្បត្តិបេតិកភណ្ឌអរូបីជាច្រើនទៀត ដែលដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ៕
ដោយ៖ ឃុត សៅ





