ឯកឧត្តម សុខ លូ បើកការដ្ឋានជួសជុលផ្លូវប្រវែង ១២.០០០ម៉ែត្រ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់
AKP បាត់ដំបង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នេះ បានអញ្ជើញក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង ១២.០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងស្លាកសញ្ញាគម្រោង ២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយប្រើប្រាស់មូលនិធិឃុំភ្នំសំពៅឆ្នាំ២០២៦។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំអាជ្ញាធរឃុំ ត្រូវទប់ស្កាត់ការសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ចៀសវាងប៉ះពាល់ដល់សណ្តាប់ធ្នាប់លើដងផ្លូវ។ ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ ឬទិញប្រេងឥន្ធនៈស្តុកទុកនៅផ្ទះនោះទេ អាចបង្កហានិភ័យផ្សេងៗ ហើយបច្ចុប្បន្ន កម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់ ខណៈដែលពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិប្រេង ដែលនេះមិនមែនប៉ះពាល់នៅតែកម្ពុជានោះទេ នេះជាបញ្ហាសកល។

ឯកឧត្តម ក៏បានក្រើនរំលឹកចំពោះបងប្អូនឱ្យយកចិត្តដាក់ថែរក្សាសុខភាព ខណៈដែលកើនឡើងកម្តៅនារដូវក្តៅនេះ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរក្នុងឃុំទាំង៨ នៃស្រុកបាណន់ ត្រូវបន្តអប់រំ ណែនាំដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាអនាម័យបរិស្ថាន ចៀសវាងការដុតសំរាម និងដុតជញ្ជ្រាំងជាដើម ដោយរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមដាំដើមឈើឱ្យបានច្រើនតាមលំនៅឋានទាំងអស់គ្នា។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមរាយការណ៍ចំពោះករណីគ្រឿងញៀន ដែលកើតឡើងតាមមូលដ្ឋាន តាមកម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់ ១០០ភាគរយ ចំពោះអ្នករាយការណ៍ ហើយមានប្រសិទ្ធភាពក្នុងការបង្ក្រាប៕


ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





