អង្គការ Fauna & Flora ដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី “រលកស្រ្តី” នៅកោះស្ដេច
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦--អង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) ដោយមានការគាំទ្រ និងសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានជលផលជាសេនាធិកា បានដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី “រលកស្រ្តី” នៅកោះស្ដេច។ នេះបើយោងតាមការឱ្យដឹងពីអង្គការ Fauna & Flora ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នេះ។

នេះជាគំនិតផ្តួចផ្តើមផ្តោតទោលើការកែច្នៃសំណាញ់នេសាទ ដែលឈប់ប្រើប្រាស់ឱ្យទៅជាផលិតផលដែលអាចលក់បាន ដើម្បីបង្កើនឱកាសរកប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងកាត់បន្ថយហានិភ័យនៃការបោះចោលឧបករណ៍ទាំងនេះចូលទៅក្នុងសមុទ្រ។ សំណាញ់នេសាទឈប់ប្រើប្រាស់ គឺជាប្រភេទកាកសំណល់សមុទ្រដ៏គ្រោះថ្នាក់បំផុតមួយ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះសមុទ្រ និងសហគមន៍តាមតំបន់ឆ្នេរ។ នៅពេលសំណាញ់នេសាទត្រូវបានបោះចោលក្នុងសមុទ្រ វាអាចទាក់សត្វសមុទ្រ ដែលបណ្តាលឱ្យស្លាប់ និងនាំឱ្យមានការថយចុះនៃធនធានជលផល។ នៅកោះស្តេច ដែលជាសហគមន៍ពឹងផ្អែកលើការនេសាទជាប្រភពចំណូលសំខាន់ បញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទាំងប្រាក់ចំណូល និងសន្តិសុខស្បៀង។

សកម្មភាពនេះផ្តល់មូលនិធិដោយមូលនិធិ Blue Action Fund ។ អង្គការ Fauna & Flora សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកគិរីសាគរ និងរដ្ឋបាលឃុំកោះស្ដេច ចំពោះការផ្តល់ការគាំទ្រយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាព៕



ដោយ៖ ណយ នឿន (ប្រភព៖ អង្គការ Fauna & Flora)





