គម្រោងអនុវត្តន៍រួមគ្នាលើការថែទាំបេះដូងកុមារមេគង្គ ប្រកាសបើកជាផ្លូវការ សម្រាប់ចុះពិនិត្យកុមារប្រមាណ ៤ម៉ឺន នាក់ ក្នុងខេត្តគោលដៅចំនួន ៤ ក្នុងប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦--គម្រោងអនុវត្តន៍រួមគ្នាលើការថែទាំបេះដូងកុមារមេគង្គ (Mekong Children’s Heart Care Project) ត្រូវបានប្រកាសបើកជាផ្លូវការដែលមានគោលដៅសម្រាប់ការចុះពិនិត្យកុមារកម្ពុជាប្រមាណ ៤០ ០០០ នាក់ ក្នុងខេត្តគោលដៅចំនួន៤ រួមមាន ខេត្តសៀមរាប ខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ចាម និងការបណ្តុះបណ្តាលបន្តដល់មន្ត្រីសុខាភិបាលកម្ពុជាប្រមាណ ១០០ នាក់ ព្រមទាំងផ្តល់ការព្យាបាលវៈកាត់សម្រាប់កុមារចំនួន ៤០ នាក់។ ពិធីបើកគម្រោងអនុវត្តន៍រួមគ្នាលើការថែទាំបេះដូងកុមារមេគង្គ នេះ បានធ្វើឡើង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Cambodiana Hotel រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល លោក Suriyan Vichitlekarn អគ្គនាយកប្រតិបត្តិនៃវិទ្យាស្ថានមេគង្គ តំណាងស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា ព្រមទាំងក្រុមវេជ្ជបណ្ឌិត មន្ទីរពេទ្យ Fuwai និង វេជ្ជបណ្ឌិតជំនាញកម្ពុជាជាច្រើនរូប ផងដែរ។

ថ្លែងក្នុងពិធីបើកគម្រោង ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង បានបញ្ជាក់ថា ជំងឺបេះដូងកំណើត នៅតែជាបញ្ហាសុខភាពសាធារណៈសំខាន់ ដែលប៉ះពាល់ដល់ជីវិតកុមារ និងគ្រួសារ ហើយការរកឃើញដំបូង ការធ្វើវិនិច្ឆ័យទាន់ពេលវេលា និងការព្យាបាលត្រឹមត្រូវ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកែលម្អអត្រារស់រានមានជីវិត និងគុណភាពជីវិត។ ឯកឧត្តមវេជ្ជបណ្ឌិតបានបញ្ជាក់ថា គម្រោងនេះ នឹងជួយពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងគ្រប់ដំណាក់កាលនៃការថែទាំ ចាប់ពីការចុះពិនិត្យ (screening) រហូតដល់ការព្យាបាល។

ឯកឧត្តមវេជ្ជបណ្ឌិតបានលើកឡើងថា តាមផែនការ គម្រោងនេះ នឹងអនុវត្តន៍សកម្មភាពសំខាន់ៗ រួមមាន ការចុះពិនិត្យ screening នៅសាលារៀន និងសហគមន៍ ការប្រើប្រាស់បច្ចេកវិទ្យាអ៊ុលត្រាសោន សម្រាប់វិនិច្ឆ័យដំបូង ការព្យាបាលនៅមន្ទីរពេទ្យ ការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការលើកកម្ពស់ការយល់ដឹងសាធារណៈ។ ឯកឧត្តមវេជ្ជបណ្ឌិតបានបន្ដថា គម្រោងនេះ ក៏នឹងផ្តល់ផ្តល់ឧបករណ៍អ៊ុលត្រាសោន ១ គ្រឿង និងសម្ភារៈ បរិក្ខារវេជ្ជសាស្ត្រ សំខាន់ៗ និងគាំទ្រដល់ការបណ្តុះបណ្តាលកម្រិតខ្ពស់ សម្រាប់វេជ្ជបណ្ឌិតកម្ពុជា ទៅសិក្សាបន្តនៅប្រទេសចិន ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង បានមានប្រសាសន៍ផងដែរថា គម្រោងអនុវត្តន៍រួមគ្នាលើការថែទាំបេះដូងកុមារមេគង្គនេះ ជាជំហានសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលសម្រាប់កុមារ និងជាការឆ្លើយតបចំពោះតម្រូវការចាំបាច់ក្នុងការថែទាំសុខភាពបេះដូងកុមារ នៅកម្ពុជា និងតំបន់ជុំវិញមេគង្គ ដោយផ្តោតលើការព្យាបាលកុមារជំងឺបេះដូង ការអប់រំសាធារណៈ និងការបង្កើនការយល់ដឹងពីសារៈសំខាន់នៃការត្រួតពិនិត្យសុខភាពកុមារចាប់ពីវ័យក្មេង។

ឯកឧត្ដមវេជ្ជបណ្ឌិតបានបន្ថែមថា ការដាក់ឱ្យដំណើរការនេះ គឺជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដែលមានរយៈពេលជាច្រើនឆ្នាំ ក្នុងចំណោមដៃគូជាតិ និងក្នុងតំបន់ ដើម្បីកាត់បន្ថយការស្លាប់របស់កុមារដែលអាចបង្ការបាន ដែលទាក់ទងនឹងជំងឺបេះដូងពីកំណើត និងដើម្បីពង្រឹងវឌ្ឍនភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅក្នុងតំបន់មេគង្គ។

សូមជម្រាបជូនថា គម្រោងអនុវត្តន៍រួមគ្នាលើការថែទាំបេះដូងកុមារមេគង្គ ត្រូវបានអនុវត្តន៍ក្នុងអំឡុងឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧ ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិ Global Development and South-South Cooperation Fund និងមានគោលបំណងពង្រឹងសមត្ថភាពជាតិ និងតំបន់ ក្នុងការចុះពិនិត្យ វិនិច្ឆ័យ បញ្ជូន និងព្យាបាលជំងឺបេះដូងពីកំណើត (CHD) តាមរយៈការផ្ទេរបច្ចេកទេសវេជ្ជសាស្ត្រទំនើប និងការចូលរួមរវាងស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយអត្រាស្លាប់របស់កុមារដោយសារជំងឺបេះដូងពីកំណើតក្នុងប្រទេសកម្ពុជា៕

ដោយ៖ រិទ្ធី





