សិល្បៈចម្លាក់ថ្មគឺជាជំនាញដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរាកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្មនៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ឱ្យប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានប្រសើរ និងឱ្យជួយបង្ហាត់បង្រៀនដល់យុវជននៅទីនោះ ឱ្យចេះជំនាញដាប់ឆ្លាក់រូបអំពីថ្ម ដែលជាជំនាញដូនតាខ្មែរបន្សល់ទុកជាយូរមកហើយ។

លោក សេក សេន ម្ចាស់សិប្បកម្មចម្លាក់ថ្មនៅភូមិធម្មជាតិរុនតាឯកឱ្យដឹងថា លោកចេះជំនាញឆ្លាក់រូបថ្មនិងឈើដោយសារតែលោកបានចូលរៀននៅសាលាសិល្បៈអាទីសង់អង្គរ(Artisans Angkor) ក្នុងខេត្តសៀមរាបតាំងតែពី២០ឆ្នាំមុន។ ក្នុងរយៈពេល២០ឆ្នាំមកនេះលោកបានចេះជំនាញឆ្លាក់ថ្ម និងឈើជាច្រើន ដូចជាឆ្លាក់ក្បាច់ផ្កាភ្ញី រូបសត្វ រូបអប្សរា និងរូបអាទិទេពជាច្រើនទៅតាមទម្រង់ក្បួនបុរាណរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនៅតាមប្រាសាទ និងសំណង់នានា។

លោក សេក សេន បញ្ជាក់ថា ក្រោមការជួយជ្រោមជ្រែងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យលោកជួយបង្រៀនជំនាញដាប់ឆ្លាក់ថ្មដល់យុវជនជំនាន់ថ្មីនេះគឺលោកពេញចិត្តយ៉ាងខ្លាំង ហើយក៏កំពុងខិតខំប្រឹងប្រែងជួយបង្រៀនដល់យុវជនដែលចង់ចេះជំនាញដាប់ឆ្លាក់ថ្មនេះឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យយុវជនទាំងនោះអាចបន្តថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតាខ្មែរឱ្យគង់វង្សបានយូរអង្វែងតទៅទៀត។ លោក បានសំណូមពរឱ្យយុវជនគួរតែចូលមករៀនជំនាញដាប់ឆ្លាក់ថ្មនេះ ពីព្រោះវាប្រសើរជាងការយកពេលវេលាទៅចំណាយធ្វើរឿងអ្វីមួយដែលគ្មានប្រយោជន៍។

សេក គីន ជាយុវជនម្នាក់ដែលបានចូលរៀនជំនាញដាប់ឆ្លាក់ថ្មនៅទីនោះរយៈពេល៦ខែមកហើយឱ្យដឹងថា បច្ចុប្បន្នលោកចេះឆ្លាក់រូបសត្វ និងក្បាច់ផ្សេងៗខ្លះៗនៅលើថ្ម។ លោកថា លោកពេញចិត្តនឹងជំនាញឆ្លាក់ថ្មនេះ ពីព្រោះវានឹងធ្វើឱ្យលោកមានចំណេះពិតប្រាកដនៅថ្ងៃខាងមុខ ព្រមទាំងអាចរកប្រាក់កម្រៃជួយដល់ជីវភាពគ្រួសារបានល្អជាងការងារសំណង់ដែលលោកធ្លាប់ធ្វើកន្លងមក។

បច្ចុប្បន្ននេះ បើទោះបីជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរាកំពុងជួយជ្រោមជ្រែងដល់សិប្បកម្មចម្លាក់ថ្មនៅភូមិធម្មជាតិរុនតាឯករយៈពេល៣ឆ្នាំទៅមុខទៀតក៏ដោយ ក៏មានយុវជនតិចតួចបានទៅរៀន និងចាប់យកជំនាញនេះនៅឡើយ ខណៈអាជ្ញាធរជាតិអប្សរាបានចាត់ទុកសិល្បៈចម្លាក់ថ្មគឺជាសម្បត្តិបេតិកភណ្ឌអរូបីដ៏មានតម្លៃមួយ ក្នុងចំណោមសម្បត្តិបេតិកភណ្ឌអរូបីជាច្រើនទៀត ដែលដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ អាជ្ញាធរជាតិអប្សរា)





