រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ៖ ប្រទេសប៉ូឡូញបដិសេធមិនប្រគល់ប្រព័ន្ធការពារគ្រាប់មីស៊ីល Patriot ទៅឱ្យសហរដ្ឋអាមេរិកទេ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ -- លោក វ្ល៉ាឌីស្លាវ កូស៊ីនីអាក់-កាមីសហ្ស៍ (Wladyslaw Kosiniak-Kamysz) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋប៉ូឡូញ បាននិយាយថា ប្រទេសប៉ូឡូញមិនមានបំណងផ្គត់ផ្គង់ប្រព័ន្ធការពារគ្រាប់មីស៊ីល Patriot របស់ខ្លួនដល់សហរដ្ឋអាមេរិកទេ។
កាលពីថ្ងៃអង្គារ កាសែត Rzeczpospolita បានរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងទាមទារឱ្យប្រទេសប៉ូឡូញដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល Patriot មួយគ្រឿងក្នុងចំណោមពីរគ្រឿងរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា។
លោក កូស៊ីនីអាក់-កាមីសហ្ស៍ បានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «ប្រព័ន្ធការពារគ្រាប់មីស៊ីល Patriot របស់យើង និងមីស៊ីលរបស់ពួកគេកំពុងត្រូវបានប្រើប្រាស់ដើម្បីការពារដែនអាកាសប៉ូឡូញ និងផ្នែកខាងកើតរបស់អង្គការណាតូ។ គ្មានអ្វីផ្លាស់ប្តូរទេ ហើយយើងមិនមានគម្រោងដាក់ពង្រាយវាឡើងវិញនៅកន្លែងណាមួយទេ»។
ប្រមុខក្រសួងការពារជាតិរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកយល់ពីគោលជំហររបស់ប៉ូឡូញ។
ការកត់សម្គាល់ដែលធ្វើឡើងដោយប្រមុខក្រសួងការពារជាតិរូបនេះ ត្រូវបានបញ្ជាក់ដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក សេហ្សារី ថមហ្ស៊ីក (Cezary Tomczyk)។
លោកអនុរដ្ឋមន្ត្រីបានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «ប្រព័ន្ធការពារគ្រាប់មីស៊ីល Patriot របស់ប៉ូឡូញកំពុងស្ថិតនៅក្នុងប្រទេសប៉ូឡូញដោយមានភារកិច្ចផ្ទាល់ខ្លួនដើម្បីការពារប្រទេសប៉ូឡូញ និងផ្នែកខាងកើតរបស់អង្គការណាតូ»។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងនានានៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ដោយមានរបាយការណ៍អំពីការបំផ្លិចបំផ្លាញ និងការស្លាប់ និងរបួសជនស៊ីវិល។ អ៊ីរ៉ង់កំពុងធ្វើការវាយប្រហារសងសឹកវិញទៅលើទឹកដីអ៊ីស្រាអែល និងប្រឆាំងនឹងទីតាំងយោធាអាម៉េរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា៕





