សភាជាតិកូរ៉េខាងត្បូងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអេមីរ៉ាតអារ៉ាប់រួម
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ -- កាលពីថ្ងៃអង្គារ រដ្ឋសភាកូរ៉េខាងត្បូងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ជាមួយប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលជាកតិកាសញ្ញាពាណិជ្ជកម្មសេរីដំបូងរបស់ប្រទេសកូរ៉េខាងត្បូងជាមួយប្រទេសមជ្ឈិមបូព៌ា។
ការផ្តល់សច្ចាប័ននេះបានកើតឡើងបន្ទាប់ពីប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនេះនៅក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការចរចារយៈពេលបីឆ្នាំ ដោយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅក្នុងខែឧសភា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀង CEPA គឺជាប្រភេទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលគ្របដណ្តប់លើវិសាលភាពទូលំទូលាយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើសពីការបើកទីផ្សារ។
នៅពេលដែលត្រូវបានអនុវត្តន៍ ប្រទេសទាំងពីរនឹងលើកពន្ធលើទំនិញជាង ៩០% ដែលត្រូវបានជួញដូរក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
ទំនិញនាំចេញសំខាន់ៗរបស់ប្រទេសកូរ៉េខាងត្បូងដែលនឹងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះរួមមាន ស្បៀងអាហារ គ្រឿងសំអាងនិងផលិតផលការពារជាតិ។ ពន្ធលើការនាំចូលប្រេងឆៅពីប្រទេស UAE ក៏នឹងត្រូវបានលុបចោលក្នុងរយៈពេលមួយទសវត្សរ៍ផងដែរ។
អ្នកឃ្លាំមើលឧស្សាហកម្មបាននិយាយថា កិច្ចព្រមព្រៀង CEPA ត្រូវបានគេរំពឹងថានឹងពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនៅក្នុងវិស័យនានា រួមទាំងថាមពល ធនធាន និងឧស្សាហកម្មទំនើបៗ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





