អ្នកសម្របសម្រួលអង្គការសហប្រជាជាតិជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ -- លោកស្រី ជេនីន ហេននីស ផ្លាស់ឆាអឺត (Jeanine Hennis-Plasschaert) អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសលីបង់ កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែល ដោយលោកស្រីបានព្រមានថា ជម្លោះដ៏អូសបន្លាយអាចបណ្តាលឱ្យខូចខាតដែលមិនអាចត្រឡប់វិញបានចំពោះស្ថិរភាព និងវិបុលភាពរបស់ប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី ហេននីស ផ្លាស់ឆាអឺត បាននិយាយថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិចំនួន ៣នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ហើយគ្រូពេទ្យលីបង់ចំនួន ៩នាក់បានស្លាប់ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះកាលពីចុងសប្តាហ៍។
លោកស្រីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារអរិភាពកាន់តែខ្លាំងឡើងរវាងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែលបានកើនឡើងដល់១.២៤៧នាក់ រួមទាំងបុគ្គលិកសុខាភិបាល អ្នកកាសែត ជនស៊ីវិល និងទាហានលីបង់ដែលមិនពាក់ព័ន្ធនឹងការប្រយុទ្ធគ្នា។
មន្ត្រីអង្គការសហប្រជាជាតិរូបនេះបាននិយាយថា ប្រទេសលីបង់បានក្លាយជា «ស្រមោលស្លេកស្លាំងនៃអ្វីដែលធ្លាប់មាន» ដោយផ្នែកខ្លះនៃប្រទេសត្រូវបានកាត់បន្ថយទៅជាគំនរបាក់បែក និងទីក្រុងខ្មោច ហើយចំនួនអ្នកផ្លាស់ទីលំនៅមានលើសពី ១,២លាននាក់។
លោកស្រីបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ដោយមានវិធានការកសាងទំនុកចិត្តជាមូលដ្ឋាន កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដោយប្រទេសលីបង់ដើម្បីគ្រប់គ្រងការសម្រេចចិត្តសង្គ្រាម និងសន្តិភាពរបស់ខ្លួន និងការចាប់ផ្តើមកិច្ចចរចារវាងប្រទេសលីបង់ និងអ៊ីស្រាអែល។
ការប្រយុទ្ធគ្នាឆ្លងព្រំដែនបានកើនឡើងតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាហ៍បានបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអែលជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជំរុញឱ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងនៅទូទាំងភាគខាងត្បូង និងភាគខាងកើតប្រទេសលីបង់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





