ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយប្រធានសមាគមជប៉ុន-កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី នៅទីស្ដីការ ក.ប.ទ.។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងសមាគមនាពេលកន្លងមក និងកិច្ចសហប្រតបត្តិការបន្ត រួមមានចំនួន៥ចំណុច៖ ទី១. កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាព័ត៌មាន (IT Pathway) ដើម្បីបញ្ជូននិស្សិតជំនាញឌីជីថលរបស់កម្ពុជាទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន។ ទី២. ការជួយគាំទ្រក្នុងការរៀបចំផែនការមេគម្រោងសួនឌីជីថលរបស់ក្រុមហ៊ុនជប៉ុន Nippon Koei។ ទី៣. កិច្ចការវិនិយោគរបស់ក្រុមហ៊ុនដែលជាសមាជិករបស់សមាគមនៅកម្ពុជា។ ទី៤. ចំណាប់អារម្មណ៍លើការវិនិយោគពីក្រុមហ៊ុនជប៉ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងទី៥. គឺគម្រោងរៀបចំពិព័រណ៍ឱកាសបម្រើការងារនៅក្នុងប្រទេសជប៉ុន ដើម្បីអនុញ្ញាតឱ្យមានការផ្លាស់ប្ដូររវាង វិស្វករជំនាញ និង
និស្សិតនៃប្រទេសទាំងពីរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





