មជ្ឈមណ្ឌល ACCB បង្ហាញជួយពីការសង្គ្រោះស៊ុតដែលញាស់ជាកូនសត្វខ្សឹបបីក្បាលកាលឆ្នាំទៅមានសុខភាពល្អ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦--ប្រភពពីមជ្ឈមណ្ឌលអភិរក្ស ACCB បានឱ្យដឹងនៅថ្ងៃទី៣១២០២៦ថា ក្នុងឆ្នាំ២០២៥ ពួកយើងបានទទួលជោគជ័យក្នុងការភ្ញាស់ពងសត្វខ្សឹប ដែលជាប្រភេទបក្សីរងគ្រោះជិតផុតពូជបំផុតចំនួន៣ក្បាល ក្នុងមជ្ឈមណ្ឌលអភិរក្ស ACCB ដែលពេលនេះពួកវាមានសុខភាពល្អ។

កូនខ្សឹបទាំង៣ក្បាលនោះត្រូវបានជួយសង្គ្រោះក្នុងទម្រង់ជាស៊ុត ចេញពីធម្មជាតិ ពីសំបុកផ្សេងៗគ្នា នៅក្នុងតំបន់ការពារដែនជម្រករបស់ខ្សឹប។ ទោះបីស៊ុតទាំងនោះត្រូវបានពងនៅក្នុងតំបន់ការពារក៏ដោយ ក៏ពួកវាត្រូវបានរកឃើញក្នុងស្ថានភាពដែលមិនមានសុវត្ថិភាព ហើយប្រឈមមុខទៅនឹងការខូចខាតភ្លាមៗ ដោយសារទឹកជំនន់ ឬការដើរជាន់ដោយសត្វពាហនៈដូចជាគោក្របី ឬការភ្ជួររាស់ដីស្រែជាដើម។ មធ្យោបាយតែមួយគត់ដើម្បីឱ្យស៊ុតទាំងនោះមានការរស់រានឬសុវត្ថិភាព គឺត្រូវយកមកកាន់មជ្ឈមណ្ឌលអភិរក្សរបស់ពួកយើង ដែលនៅទីនេះ ស៊ុតទាំងអស់អាចញាស់បានដោយជោគជ័យ ហើយកូនបក្សីត្រូវបានចិញ្ចឹមមើលថែដោយដៃ ដោយក្រុមការងារដែលស្ទាត់ជំនាញរបស់ពួកយើង។ កូនខ្សឹបទាំងនេះមានតម្លៃណាស់សម្រាប់ការអភិរក្សប្រភេទដែលប្រឈមមុខនឹងការវិនាសផុតពូជយ៉ាងខ្លាំងនេះ ដែលត្រូវបានប៉ាន់ស្មានថាមានចំនួនតិចជាង ១០០ ក្បាលប៉ុណ្ណោះនៅក្នុងធម្មជាតិ។

កិច្ចការដ៏សំខាន់នេះមិនអាចដំណើរការទៅបានឡើយ បើគ្មានការគាំទ្រឧបត្ថម្ភពីម្ចាស់ជំនួយដែលមានចិត្តសប្បុរស និងមេត្តាករុណារបស់ពួកយើង ហើយនាពេលថ្មីៗកន្លងមកនេះបានគាំទ្រឧប្បត្ថម្ភទៅលើការកែលម្អជួសជុលទ្រុង ឬទីកន្លែងបង្កាត់ពូជសត្វខ្សឹបនៅក្រៅដែនជម្រកធម្មជាតិ ដែលជាកន្លែងដែលកូនបក្សីទាំង ៣ក្បាលត្រូវបានចិញ្ចឹមថែទាំដោយដៃផ្ទាល់។

មជ្ឈមណ្ឌលអភិរក្ស ACCB ពួកយើងសូមថ្លែងអំណរគុណទៅដល់អង្គការ IUCN SSC Asian Species Action Partnership (@iucn_asap), Mandai Nature, មូលនិធិអភិរក្សប្រភេទសត្វ Mohamed Bin Zayed Species Conservation Fund, ក្រសួងបរិស្ថាន និង អង្គការ WCS Cambodia ដែលបានគាំទ្រគម្រោងដ៏សំខាន់មួយនេះ៕
ដោយ ណយ នឿន (ប្រភព៖ ACCB)





