កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍នៅក្នុងកម្មវិធីបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញមានការចូលរួមពីលោក អម សុភា អភិបាលរងខេត្ត នាយករដ្ឋរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្ត បានគូសបញ្ជាក់ពីខ្លឹមសាររបៀបវារៈរួមមាន៖ ១- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត។ ៣-ផែនការសកម្មភាពបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ៤- បញ្ហាផ្សេងៗ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា នៅចំពោះមុខយើងត្រូវតែពង្រឹងទប់ស្កាត់ឱ្យបានក្នុងករណីពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ រួមទាំងការបោកប្រាស់តាមបច្ចេកវិទ្យា វាជាផ្នែកសំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងសន្តិសុខសាធារណៈ និងទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្ម គឺជាផ្នែកមួយនៃសកម្មភាពអនុវត្តច្បាប់យ៉ាងទូលំទូលាយ ដើម្បីបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ឱ្យមានប្រសិទ្ធភាព។ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ប្រាកដឱ្យឃើញថា ស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានរាជរដ្ឋាភិបាលកំណត់ជាតំបន់គំរូ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ទៀតថា ទិសដៅការងារសំខាន់ៗ ដើម្បីជំរុញដល់ការអភិវឌ្ឍ និងការរក្សាសណ្តាប់ធ្នាប់សន្តិសុខក្នុងខេត្តកំពង់ឆ្នាំងទាំងមូលសំដៅធានាសុវត្ថិភាពពេញលេញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តជាតិដែលមកសម្រាកកំសាន្តក្នុងខេត្ត ប្រកបដោយសុខសុវត្ថិភាព។ បន្តសកម្មភាពបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ដែលកំពុងតែកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋានដើម្បីទទួលបាននូវសុខសុវត្ថិភាព ផ្សាភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

ដោយ បៃ ស៊ីថុន





