រដ្ឋបាលខេត្តតាកែវរៀបចំពិធីក្រុងពលីត្រៀមរៀបចំ "តាកែវសង្ក្រាន្ដឆ្នាំ២០២៦"
AKP តាកែវ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលីបន់ស្រន់សុំសេចក្ដីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី ក្នុងការរៀបចំសោភ័ណភាព និងទីតាំងសម្រាប់ព្រឹត្តិការណ៍ "តាកែវសង្ក្រាន្តឆ្នាំ២០២៦" ដែលនឹងគ្រោងរៀបចំរយៈពេលបីថ្ងៃ គឺថ្ងៃទី១៤,១៥ និង១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ នៅបរិវេណសួនច្បារមាត់បឹងតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តតាកែវ អភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចូលរួមជាច្រើនរូបផងដែរ។ពិធីនេះរៀបចំឡើងនៅបរិវេណមាត់បឹងតាកែវ ស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា ដើម្បីបង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីអដ្ឋស័កព.ស២៥៧០។ អាជ្ញាធរខេត្តតាកែវនឹងរៀបចំព្រឹត្តិការណ៍ "តាកែវសង្ក្រាន្តឆ្នាំ២០២៦" រយៈពេលបីថ្ងៃនៅសួនច្បារមាត់បឹងតាកែវ។ក្នុងព្រឹត្តិការណ៍តាកែវសង្ក្រាន្តនេះដែរ មានរៀបចំទីតាំងកម្សាន្ដសប្បាយៗជាច្រើនកន្លែងរួមមាន ភូមិមរតកវប្បធម៌ប្រវត្តិសាស្ត្រ ភូមិល្បែងប្រជាប្រិយ ពិធីសាសនា ការសម្ដែងសិល្បៈបុរាណ ការដាក់តាំងបង្ហាញមុខម្ហូបល្បីៗប្រចាំខេត្តតាកែវជាច្រើនមុខ និងពេលរាត្រីក៏មានការបាញ់កាំជ្រួចផងដែរ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា សម្រាប់កម្មវិធី "តាកែវសង្រ្កាន្តឆ្នាំ២០២៦" នេះ ក្រៅពីរៀបចំសង្ក្រាន្តរយៈពេលបីថ្ងៃ នៅមុនថ្ងៃពិធីបុណ្យចូលឆ្នាំមកដល់ ក្រុមការងាររដ្ឋបាលខេត្តតាកែវ ក៏បានរៀបចំ ការប្រណាំងរទះគោសាឡីផងដែរ នៅថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅក្នុងបរិវេណអតីតសាលានយោបាយ ស្ថិតនៅក្នុងភូមិបីសង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្ថែមថា ក្រៅពីការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងរបាំប្រពៃណី យើងក៏នឹងមានការរៀបចំស្តង់ពិព័រណ៍ ដែលមានការចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងមកពីបណ្ដាស្រុកក្រុង ដែលនឹងដាក់តាំងផលិតផលកើតចេញពីស្នាដៃកូនខ្មែរ។ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តខេត្តតាកែវ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរយើង ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ "តាកែវសង្ក្រាន្តឆ្នាំ២០២៦" ខាងមុខនេះឱ្យបានច្រើនកុះករ នៅតាមទីតាំងដែលរដ្ឋបាលខេត្តតាកែវបានរៀបចំ៕

ដោយ អ៊ុច សៀង





