កិច្ចប្រជុំកំណត់ម្ហូបតាមតំបន់ដើម្បីយកមកចូលរួមតាំងពិព័រណ៍នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ២០២៦
AKP កំពង់ធំ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦-- លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកំណត់ម្ហូបតាមតំបន់ សម្រាប់ចូលរួមតាំងពិព័រណ៍ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦នៅសាលប្រជុំប្រាសាទតោនៃរដ្ឋបាលខេត្តកំពង់ធំ។

ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ រដ្ឋបាលខេត្តកំពង់ធំគ្រោងរៀបចំការតាំងពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោក ហាន កុសល បានលើកឡើងថា ការរៀបចំតាំងពិព័រណ៍ម្ហូបខ្មែរ មានគោលបំណងផ្សព្វផ្សាយភាពសម្បូរបែបនៃម្ហូបប្រចាំខេត្តកំពង់ធំដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន និងបង្ហាញពីសក្តានុពលម្ហូបតាមតំបន់ ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ព្រមទាំងលើកស្ទួយវិស័យម្ហូបអាហារ និងអត្តសញ្ញាណជាតិឱ្យកាន់តែល្បីល្បាញ។

លោក ហាន កុសល បានជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក នាំយកម្ហូបខ្មែរដែលពេញនិយម និងល្បីៗក្នុងខេត្ត មកតាំងបង្ហាញ ព្រមទាំងលើកទឹកចិត្តអ្នកមានជំនាញចម្អិនអាហារឱ្យចូលរួមបង្ហាញថ្វីដៃដើម្បីឱ្យភ្ញៀវបានស្គាល់ និងភ្លក្សរសជាតិម្ហូបខ្មែររបស់ខេត្តកំពង់ធំ។

ការបង្កើតវិថីអាហារគឺមិនត្រឹមជាកន្លែងកម្សាន្តថ្មីនៅក្រុងស្ទឹងសែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិរក្សម្ហូបប្រពៃណីខ្មែរ ដោយធានារបៀបរៀបរយ សោភ័ណភាព និងអនាម័យ។រដ្ឋបាលខេត្តកំពង់ធំសូមអញ្ជើញភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកចូលរួមទស្សនា និងគាំទ្រឱ្យបានច្រើនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៦នាពេលខាងមុខនេះ៕
ដោយ ស៊ុម វណ្ណា





