ក្រសួងកិច្ចការនារី រៀបចំ «កិច្ចសន្ទនាអន្តរជំនាន់» នៅខេត្តស្វាយរៀង ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ស្រ្តីថ្នាក់ក្រោមជាតិ
AKP ភ្នំពេញ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៦--ក្រសួងកិច្ចការនារី បានសហការជាមួយមន្ទីរកិច្ចការនារីខេត្តស្វាយរៀង និងទទួលបានការគាំទ្រពីអង្គការ UN Women រៀបចំ «កិច្ចសន្ទនាអន្តរជំនាន់ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីនៅក្នុងវិស័យសាធារណៈថ្នាក់ក្រោមជាតិ» នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង ។

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលបានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់អ្នកចូលរួម សូមឱ្យចាត់ទុកកិច្ចសន្ទនានេះគឺជាកន្លែងដែលមានសុវត្តិភាពសម្រាប់ស្រ្តីជាថ្នាក់ដឹកនាំនៅគ្រប់ជំនាន់ចែករំលែកសាច់រឿង បទពិសោធន៍ ចំណេះដឹង និងពង្រឹងបណ្តាញគាំទ្រនិងផ្តល់ភាព អង់អាចដល់ស្រ្តី និងក្មេងស្រី ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិទាំងមូល។ គួរកត់សម្គាល់ថាកិច្ចសន្ទនានេះមានគោលបំណង៖
•ផ្លាស់ប្តូរបទពិសោធន៍និងលើកទឹកចិត្តរវាងថ្នាក់ដឹកនាំជាស្ត្រីជំនាន់មុន និងស្ត្រីវ័យក្មេងដែលទើបចូលរួមក្នុងវិស័យសាធារណៈ នៅថ្នាក់ក្រោមជាតិ ជាពិសេសជួយបង្កើតបរិយាកាស អំណោយផលសម្រាប់ថ្នាក់ដឹកនាំជាស្ត្រី។

•គាំទ្រដល់ការលើកកម្ពស់ភាពអង់អាចរបស់ស្ត្រីជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ នៅថ្នាក់ក្រោមជាតិ ដោយស្វែងរកបញ្ហាប្រឈម ចែករំលែកយុទ្ធសាស្ត្រនិងដំណោះស្រាយរួមគ្នាដើម្បីជំរុញភាពជាអ្នកដឹកនាំ ប្រកបដោយសមភាពយេនឌ័រ និងបរិយាបន្ន។
•ពង្រឹងបណ្តាញទំនាក់ទំនង សាមគ្គីភាពនិងការគាំទ្រគ្នាទៅវិញទៅមកក្នុងចំណោមអ្នកដឹកនាំជាស្ត្រីក្នុងវិស័យសាធារណៈនៅថ្នាក់ក្រោមជាតិ ជាពិសេសជំរុញកិច្ចសហការអន្តរជំនាន់ ដើម្បីលើកកម្ពស់ភាពសុខដុមរមនា អភិបាលកិច្ច បរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

សូមបញ្ជាក់ជូនផងដែរថា សមាសភាពអញ្ជើញចូលរួមរួមមានថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងកិច្ចការនារី, លេខាធិការដ្ឋាន គ.ជ.អ.ប ស្រ្តីជាអភិបាលរងនៃគណៈអភិបាលខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយរងទីចាត់ការសាលាខេត្ត ស្រ្តីជាប្រធាន និងអនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង/ស្រុកជាស្រ្ដី នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យស្រុកប្រតិបត្តិ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុងស្រុក ស្រ្ដីវ័យក្មេងមកពីមន្ទីរអង្គភាព នាយិការងសាលា និងសិស្ស និស្សិត សរុបចំនួន ៦៧នាក់ (ស្ត្រី៥៩នាក់)៕
ដោយ៖ ទូច វលក័្ខណ (ប្រភព: ក្រសួងកិច្ចការនារី)





