អង្គការ UNFPA និងក្រសួងកិច្ចការនារី ចុះពិនិត្យបន្ទប់សេវាចម្រុះ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦–មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA និងក្រសួងកិច្ចការនារី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យបន្ទប់សេវាចម្រុះ (OSSUs) នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង និងជួបក្រុមការងារធ្វើការលើអំពើហិង្សាទាក់ទងនឹងយេនឌ័រ(GBV) ថ្នាក់ស្រុក នៅស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែង ដើម្បីសម្របសម្រួលជាមួយអ្នកផ្តល់សេវាគាំទ្រស្ត្រី និងក្មេងស្រីដែលមានហានិភ័យពីអំពើហិង្សា។


ចាប់តាំងពីឆ្នាំ ២០២២ មកទល់ពេលនេះ អង្គការ UNFPA បានគាំទ្រ OSSUs ជាមួយការបង្កើត និងប្រតិបត្តិការបន្ទប់ផ្តល់សេវាចម្រុះនេះ ដែលនាំមកនូវសេវាសុខភាព សេវាច្បាប់ និងសេវាសង្គមរួមគ្នានៅកន្លែងតែមួយសម្រាប់ជនរងគ្រោះដោយអំពើហិង្សា ក៏ដូចជាក្រុមការងារ GBV វេទិកាពហុវិស័យថ្នាក់មូលដ្ឋាន ដែលអ្នកផ្តល់សេវាធ្វើការរួមគ្នាដើម្បីធានាថាស្ត្រី និងក្មេងស្រីដែលជួបប្រទះអំពើហិង្សាអាចទទួលបានសេវានៅពេលណាដែលពួកគេត្រូវការ។
ដំណើរទស្សនកិច្ចនេះផ្តោតលើការចែករំលែកបទពិសោធន៍ កំណត់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការ ស្វែងរកវិធីដើម្បីធ្វើឱ្យសេវាកម្មកាន់តែមាននិរន្តរភាព និងអាចចូលប្រើប្រាស់បាន ៕

ដោយ៖ ណយ នឿន (ប្រភព៖UNFPA)





