ប្រជាពលរដ្ឋ ចំនួន ១០ភូមិ នៅស្រុកខ្សាច់កណ្តាល ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
AKP កណ្តាល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦--មានប្រសាសន៍ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១០ភូមិ ក្នុងស្រុកខ្សាច់កណ្តាល លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋត្រូវតាមដានព័ត៌មានពិតប្រាកដ ជៀសវាងការជឿជាក់លើព័ត៌មានមិនច្បាស់លាស់ ឬការបំភ័ន្តដែលចែកចាយតាមបណ្តាញសង្គមដោយគ្មានប្រភពច្បាស់លាស់ ដែលបង្កអស្ថេរភាពក្នុងសង្គម លោក អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍បែបនេះក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១០ភូមិ ក្នុងស្រុកខ្សាច់កណ្តាល រួមមាន៖ភូមិព្រះប្រសប់ ភូមិព្រែកតាបែន ភូមិព្រែកតាទន់ ភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ភូមិតាឯក ភូមិទ្រាំងក្រោម ភូមិទ្រាំងលើ ឃុំតាឯក ភូមិកំពង់ចំលង ភូមិត្បូងដំរី និងភូមិព្រែកដំបង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ស្មើនឹង ១០ ១២៦បណ្ណ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៦ ដែលមានទីតាំងនៅក្នុងបរិវេនសាលាស្រុកខ្សាច់កណ្តាល។

ក្នុងឱកាសនោះដែរ លោក នុត ពុធដារ៉ា បានបញ្ជាក់ថា ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារសកលលោកមានការប្រែប្រួល ដែលបង្កឱ្យមានការព្រួយបារម្ភដល់ជីវភាពរស់នៅប្រចាំថ្ងៃ បងប្អូនប្រជាពលរដ្ឋជៀសវាងការជឿជាក់លើព័ត៌មានមិនច្បាស់លាស់ ឬការបំភ័ន្តដែលចែកចាយតាមបណ្តាញសង្គមដោយគ្មានប្រភពច្បាស់លាស់ ការយល់ដឹង និងការជឿជាក់លើវិធានការដោះស្រាយរបស់រាជរដ្ឋាភិបាល គឺជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាស្ថិរភាពសង្គម បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបសូមរួបរួមគ្នាជាធ្លុងមួយ និងរក្សាជំនឿចិត្តខ្ពស់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការរក្សានូវស្មារតីខ្មែរតែមួយ មិនបែកបាក់ គឺជាខែលការពារដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងឧបាយកលទាំងឡាយដែលបម្រុងនឹងបំផ្លាញសេចក្តីសុខរបស់ប្រជាជន។

អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការត្រួតពិនិត្យ និងបង្ក្រាបឱ្យបានរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ(scam online)គ្រប់រូបភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបល្បែងស៊ីសង គឺជាកត្តាចម្បងមួយក្នុងការកាត់បន្ថយអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបញ្ហាសង្គមផ្សេងៗដែលផ្ដើមចេញពីការចាញ់ល្បែង។ល្បែងស៊ីសងមិនត្រឹមតែបំផ្លាញសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពនៃបទល្មើសផ្សេងៗដូចជា ការលួច ប្លន់ និងការចែកចាយគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់ភាពសុខសាន្តរបស់សហគមន៍ទាំងមូល។ ដើម្បីសម្រេចបាននូវ ភូមិ-ឃុំ មានសុវត្ថិភាព និងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនគឺត្រូវធ្វើឡើងដោយភាពម៉ឺងម៉ាត់ និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។ អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការតាមដាន និងក្តាប់ឲ្យជាប់នូវមុខសញ្ញាចែកចាយ និងទីតាំងសង្ស័យដែលប្រើប្រាស់គ្រឿងញៀន។ការអនុវត្តច្បាប់ត្រូវធ្វើឡើងដោយគ្មានការលើកលែង មិនថាជាអ្នកប្រើប្រាស់ ឬអ្នកជួញដូរឡើយ។

ការចុះអប់រំផ្សព្វផ្សាយផ្ទាល់ដល់ខ្នងផ្ទះ គឺជាគន្លឹះសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាល។ប្រជាពលរដ្ឋគឺជា "ភ្នែក និងច្រមុះ" ដ៏សំខាន់បំផុតរបស់សមត្ថកិច្ច ការផ្តល់ព័ត៌មានសម្ងាត់អំពីសកម្មភាពមិនប្រក្រតីក្នុងសហគមន៍ ជួយឱ្យសមត្ថកិច្ចអាចអន្តរាគមន៍បានទាន់ពេលវេលា។ពិសេសគឺឪពុកម្តាយ និងអាណាព្យាបាលត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រែប្រួលឥរិយាបថរបស់កូនចៅ។ ការលុបបំបាត់គ្រឿងញៀនក្នុងមូលដ្ឋាន មិនមែនជាភារកិច្ចរបស់បុគ្គលណាម្នាក់ឡើយ ប៉ុន្តែវាជាទំនួលខុសត្រូវរួម កាលណាគ្មានគ្រឿងញៀន ក្នុងមូលដ្ឋាននឹងមានសន្តិសុខល្អ ការរស់នៅប្រកបដោយក្តីសុខ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

លោក អភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានល្អប្រសើរ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីបង្កើនភាពកក់ក្តៅ និងសុវត្ថិភាពក្នុងការរស់នៅ ដូច្នេះការថែរក្សាបណ្ណកម្មសិទ្ធិឱ្យបានល្អ គឺជាកាតព្វកិច្ចរបស់ម្ចាស់ដីគ្រប់រូប ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន និងគ្រួសារ ព្រោះបណ្ណកម្មសិទ្ធិដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯកសារគតិយុត្តិដ៏មានតម្លៃបំផុត ដែលធានាដោយច្បាប់នូវសិទ្ធិជាម្ចាស់ ក៏ដូចជាការការពារនូវជម្លោះដីធ្លីផ្សេងៗ និងផ្តល់លទ្ធភាពឱ្យបងប្អូនអាចយកទៅប្រើប្រាស់ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





