ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កំពង់ចាម
AKP កំពង់ចាមថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី៣១ខែមិនា ឆ្នាំ២០២៦ នៅ សាលសន្និសីទសាលាខេត្តកំពង់ចាម ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត កំពង់ចាម ដោយមានចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរសុខា ភិបាលខេត្ត មន្ទីរពាក់ព័ន្ធ អង្គភាព អាជ្ញាធរ ក្រុង ស្រុក និងមន្ត្រីរាជការជុំវិញរដ្ឋបាលនិងមេឃុំ ចៅសង្កាត់និងក្រុមប្រឹក្សាឃុំទូទាំងខេត្ត។ 
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពងចាម ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទស្សវិស័យវែង ឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ បាន កំណត់ អំពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្តោតលើអាទិភាពចំនួន ៥ ក្នុងនោះ អាទិភាព ទី៣ គឺការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលមានគោលដៅ ជាយុទ្ធសាស្ត្រគឺ បន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ និងការលើក កម្ពស់សុភាពបន្តពូជ មាតា ទារក និងកុមារ។ 
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការ កោត សរសើរ និងវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តនិងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តទាំងអស់ ដែលបានខិតខំអនុវត្តតួនាទី ភារកិច្ច ការងារប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការចូលរួមលើកកម្ពស់ វិស័យសុខាភិបាល សុខភាព អនាម័យ និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងខេត្ត។ 
ឧត្តមសាស្ត្រាចារ្យ ឈាង រ៉ាបានបញ្ជាក់ថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបានចាត់ទុកវិស័យសុខាភិបាល ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យជាអាទិភាពទាំងឡាយឯទៀត និងតែងតែបានយកចិត្តទុកដាក់ដោះស្រាយចំពោះបញ្ហាប្រឈមនានា ធ្វើឱ្យវិស័យសុខាភិបាលនៅកម្ពុជាមានការរីកចម្រើន ជាលំដាប់ និងជាបន្តបន្ទាប់ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងតម្រូវការជាចាំបាច់របស់ ប្រជាពលរដ្ឋ។ វិស័យសុខាភិបាលបច្ចុប្បន្ននេះ មានវឌ្ឍនភាព និងសមិទ្ធផលជាច្រើនដ៏គួរកត់ សម្គាល់ នៅក្នុងការលើកកម្ពស់សុខភាពបន្តពូជ កាត់បន្ថយការស្លាប់របស់មាតា-ទារក និង កុមារ កាត់បន្ថយការឈឺ និងស្លាប់ដោយជំងឺឆ្លង កាត់បន្ថយការឈឺ និងស្លាប់ដោយជំងឺមិនឆ្លង និង កាត់បន្ថយបាននូវបញ្ហាសុខភាពសាធារណៈដទៃទៀត។ 
ឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំឱ្យលោកប្រធានមន្ទីរពេទ្យដែលទើបតែងតាំងថ្មី សូមបន្តខិតខំប្រឹងប្រែងអនុវតតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ រួមនិងការអភិវឌ្ឍខ្លួនឱ្យបានពេញលេញក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ។
ត្រូវបន្តយកចិត្តទុកដាក់សហការ ការងារឱ្យបានល្អជាមួយមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ បញ្ចេញឱ្យអស់ពីភាពប៉ិនប្រសប់របស់ខ្លួន ចេះកៀងគរធនធាន ព្រមទាំងចេះប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានដែលមានស្រាប់ រក្សាឱ្យបាន នូវសាមគ្គីភាពផ្ទៃក្នុង ដឹកនាំគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទឱ្យបានល្អ ការគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងជាអ្នកផ្តល់សេវាសុខាភិបាលដែលមានគុណភាពល្អប្រសើរឡើងថែមទៀត ស្របតាម គោលនយោបាយសុខាភិបាលជាតិ ផែនការយុទ្ធសាស្ត្រសុខាភិបាល មគ្គុទ្ទេសក៍ណែនាំស្តីពីការ ប្រតិបត្តិគ្លីនិកពិធីសារនៃការពិនិត្យ ព្យាបាល ស្ដង់ដារគុណភាព និងបទដ្ឋានបច្ចេកទេសនានា ជា ពិសេសឱ្យបានទៅជាអ្នកផ្តល់សេវាដ៏ល្អ ស្របតាមគោលនយោបាយស្តីពីការផ្តល់សេវាសាធារ ណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ថាពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមគឺលោកវេជ្ជបណ្ឌិត វ៉ា សាវុធ ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលថ្មី ជំនួសលោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ដែលបានចូលនិវត្តន៍៕
ដោយ ៖ឆាយ ម៉ុត





