លោកអភិបាលស្រុកស្ទោង ជំរុញដល់អាជ្ញាធរឃុំ និងការិយាល័យ អង្គភាពជុំវិញស្រុកត្រូវធ្វើផែនការ៣ឆ្នាំរំកិលរបស់ខ្លួនដោយផ្ដោតលើជីវភាពនិងតម្រូវការជាអាទិភាពរបស់ពលរដ្ឋ
AKPកំពង់ធំថ្ងៃទី៣១ខែមីនាឆ្នាំ២០២៦--លោកសាយ គឹមឡមអភិបាលស្រុកស្ទោងជំរុញដល់អាជ្ញាធរឃុំនិងការិយាល័យអង្គភាពជុំវិញស្រុកត្រូវធ្វើផែនការ៣ឆ្នាំរំកិលរបស់ខ្លួនដោយផ្ដោតលើជីវភាពនិងតម្រូវការជាអាទិភាពរបស់ពលរដ្ឋខ្លួន។
លោកអភិបាលស្រុកបានជំរុញដូច្នេះនៅក្នុងឱកាសអញ្ជើញដឹកនាំប្រជុំស្ដីពី ការរៀបចំនិងកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល២០២៧ -២០២៩ របស់រដ្ឋបាលស្រុកស្ទោងនិងរដ្ឋបាលឃុំនាព្រឹកថ្ងៃទី៣១ខែមីនា ឆ្នាំ ២០២៦នៅសាលាស្រុកស្ទោង។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា អាជ្ញាធរឃុំ និងការិយាល័យអង្គភាពពាក់ព័ន្ធ ត្រូវតែចុះសិក្សាស្រាវជ្រាវប្រមូលព័ត៌មាន កៀរគរធាតុចូលពីមូលដ្ឋានផ្ទាល់ សប្បុរសជន ដៃគូ អង្គការអភិវឌ្ឍន៍នានា ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដោយឈរលើចក្ខុវិស័យវែងឆ្ងាយ សមស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេស គម្រោងជំនួយសង្គម ការអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្ត្រផ្លូវគមនាគមន៍ជាដើម។

លោកបានជំរុញបន្ថែមទៀតដល់ការិយាល័យអង្គភាព រដ្ឋបាលឃុំ ត្រូវតែប្រប្រជុំពិភាក្សា អនុម័តនិងឯកភាពគ្នាឱ្យបានច្បាស់លាស់ដើម្បីទាមទារនូវសុក្រិតភាព ត្រូវគោលដៅ បរិបទសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិយាកាសសាកលភាវូបណីយកម្មថែមទៀត ជាពិសេស ការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធិភាព តម្លាភាពនិងគណនេយ្យភាព។

ក្នុងឱកាសនោះលោកសាយ គឹមឡមអភិបាលស្រុកស្ទោងបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់ឃុំ ត្រូវធ្វើបច្ចុប្បន្នភាពប័ណ្ណក្រីក្រប្រកបដោយទំនួលខុសត្រូវ និងជាក់ស្ដែងបំផុត ហើយត្រូវយកចិត្តទុកដាក់ថែមទៀតក្នុងការសំអាតនិងលើកកម្ពស់បរិស្ថានសាធារណៈ។ធ្វើអនាម័យជាប្រចាំនៅតាមដងផ្លូវជាតិលេខ ៦ ព្រមទាំងថែរក្សាការពារសូឡាដែលបានបំពាក់ជូននិងបំពាក់ទង់ជាតិឱ្យបានស្រស់ស្អាត ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ៕

ដោយ៖ ស៊ុម វណ្ណា





