ក្រសួងការងារជូនដំណឹងពី ការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦--ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងស្តីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ២១៦/២៥ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៦ សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកដោយមាន ប្រាក់ឈ្នួលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦។
ក្រសួងបានលើកឡើងថាក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមីនិងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ សហគ្រាស ក្រុមហ៊ុន រោងចក្រដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជី នៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់ សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ២១៦/២៥ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ។
ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវ ប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាក ទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្តូរវេនគ្នា។
ជាមួយគ្នានោះដែរក្រសួងការងារក៏បានលើកឡើងថា ប្រសិនបើការផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការ អាជីវកម្មរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រនិងតំណាងកម្មករ និយោជិតអាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះ ដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបាន។ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទ នីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
ក្នុងករណីដែលកម្មករនិយោជិតមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវ សូមផ្តល់ ព័ត៌មានមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧” ឬ “១២៨៦” ឬតាម រយៈប្រអប់បណ្ដឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការតាម ច្បាប់ជាធរមាន។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

ដោយ ៖ ប៊ុនរិទ្ធ





