ឯកឧត្ដមគួច ចំរើនជំរុញឱ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់កំណត់ព្រំប្រទល់រដ្ឋបាលឱ្យបានច្បាស់លាស់ និងមាននិយាមការក្នុងការវាស់វែងឱ្យបានត្រឹមត្រូវ
AKP កណ្តាល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦--ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំគណៈកម្មការ ដើម្បីកំណត់ព្រំប្រទល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីជំនាញផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដម គួច ចំរើន បានស្នើដល់អង្គប្រជុំទាំងមូល ត្រូវរួមគ្នាផ្តល់ជាមតិយោបល់ និងទិន្នន័យក្នុងការកំណត់ព្រំប្រទល់របស់រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដែលមិនទាន់មានភាពច្បាស់លាស់ សំដៅរួមគ្នាធ្វើការកែសម្រួលឱ្យបានសមស្រប ដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្ដម អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង ស្រុក បន្ទាប់ពីប្រជុំនេះទៅ ត្រូវចុះអនុវត្តនូវអ្វីដែលបានឯកភាពគ្នា ត្រូវធ្វើតាមនិតិវិធីដែលបានកំណត់ឱ្យបានឆាប់រហ័ស ត្រូវមាននិយាមការក្នុងការវាស់វែង ពោលគឺត្រូវរៀបចំឯកសារនានា ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីបញ្ជូនទៅក្រសួងមហាផ្ទៃឱ្យបានទាន់ពេលវេលា ៕

ដោយ ណយ នឿន(ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





