លោកឧកញ៉ា ជា ធីឡាយ ជំរុញកូនខ្មែរគ្រប់ជំនាន់រួមគ្នាថែរក្សាប្រពៃណី វប្បធម៌ និងសិល្បៈជាតិឱ្យបានគង់វង្ស
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦-- កូនខ្មែរគ្រប់ជំនាន់ត្រូវរួមគ្នាថែរក្សាប្រពៃណី វប្បធម៌ និងសិល្បៈជាតិឱ្យបានគង់វង្សកុំឱ្យបាត់បង់ ព្រោះបុព្វបុរសរបស់យើងលោកបានខិតខំបង្កើតឡើងអស់កាលដ៏យូរលង់ណាស់មកហើយ ដើម្បីកូនចៅជំនាន់ក្រោយ។ នេះជាការជំរុញរបស់លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប ក្នុងពិធីបើកព្រឹត្តិការណ៍ប្រឡងសិល្បៈដណ្តើមពានរង្វាន់៣០ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប នៅមជ្ឈមណ្ឌលសហប្រត្តិការ កម្ពុជា-កូរ៉េ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

លោកឧកញ៉ាមានប្រសាសន៍ថា អ្វីដែលយើងមានហើយ តែបែរជាបណ្តែតបណ្តោយឱ្យបាត់បង់ទៅវិញវាពិតជារឿងដ៏គួរឱ្យសោកស្តាយខ្លាំងណាស់ សោកស្តាយព្រោះតែប្រពៃណី វប្បធម៌ និងសិល្បៈពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជាតិសាសន៍មួយ ជាពិសេសជាតិសាសន៍ខ្មែរ ដែលជាជាតិសាសន៍មួយមានវប្បធម៌ និងអរិយធម៌ដ៏រុងរឿងអស់កាលដ៏យូរលង់ណាស់មកហើយ។

លោកឧកញ៉ ជា ធីឡាយ បានគូសបញ្ជាក់ថា យើងដែលជាកូនចៅតជំនាន់ត្រូវតែយល់ឱ្យបានច្បាស់ពីប្រពៃណី វប្បធម៌ និងសិល្បៈរបស់ខ្លួន ហើយរួមគ្នាថែរក្សាឱ្យបានគង់វង្ស ចៀសវាងការបាត់បង់ដោយសារតែយើងមិនបានយកចិត្តទុកដាក់ថែរក្សានោះ ជាពិសេសយុវជនជំនាន់ក្រោយដែលជាកម្លាំងបន្តវេនរបស់ប្រទេសជាតិ។ លោកបានបន្តថា ក្នុងនាមជាអ្នកបន្តវេនយុវជនត្រូវខិតខំសិក្សារៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះ មានសីលធម៌ល្អ ចៀសឱ្យផុតពីអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រើប្រាស់ពេលវេលាដែលយើងមានធ្វើការសិក្សារៀនសូត្រចំណេះ និងជំនាញឱ្យបានគ្រប់គ្រាន់ និងតាមទាន់បណ្តាប្រទេសក្នុងតំបន់ ព្រោះថាមានតែធនធានមនុស្សទេទើបអាចកសាងប្រទេសជាតិឱ្យរីកចម្រើនបាន។

សូមជម្រាបថា នេះគឺជាឆ្នាំទី២០ហើយដែលស្ថាប័នអប់រំ អ៊ិននធីស៊ី គ្រុប បានរៀបចំព្រឹត្តិការណ៍ប្រឡងសិល្បៈដណ្តើមពានរង្វាន់ នៃស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប ខណៈដែលស្ថាប័នមួយនេះកំពុងតែជោគជ័យយ៉ាងធំធេងនៅក្នុងវិស័យអប់រំ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកម្ពស់វិស័យអប់រំជាមួយក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ៖ ចាន់ សុភឿន





