ក្រសួងធនធានទឹកសាងសង់រោងជម្រក និងថែទាំគ្រឿងចក្រអន្តរាគមន៍នៅជម្រកគ្រឿងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពការងារនៅជម្រកគ្រឿងចក្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អមដំណើរដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

យោងតាមរបាយការណ៍វឌ្ឍនភាពនៃការសាងសង់រោងជម្រកសម្រាប់ដាក់រថយន្ត ដែលមានទំហំ ៥៣ម៉ែត្រ x ២១ម៉ែត្រ សម្រេចបានប្រមាណ ៧០%។ ទន្ទឹមនឹងនេះ មានម៉ាស៊ីនបូមទឹកចល័តសរុបចំនួន ១១៥គ្រឿង ដែលមានសមត្ថភាពបច្ចេកទេសចន្លោះពី ៨០% ទៅ ៩០% និងអាចធានាការប្រើប្រាស់បានរយៈពេលពី ១០ ទៅ ១៥ឆ្នាំបន្តទៀត។ ដោយឡែក សម្រាប់ផែនការក្នុងឆ្នាំ២០២៦ នាយកដ្ឋាននឹងបន្តជួសជុល និងបំពាក់សម្ភារបន្ថែមលើម៉ាស៊ីនបូមទឹកចំនួន ១៥គ្រឿង ទៀត ដើម្បីត្រៀមបញ្ជូនទៅកាន់មន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្ត សម្រាប់កិច្ចប្រតិបត្តិការអន្តរាគមន៍ឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដែលបានខិតខំថែទាំ ជួសជុលគ្រឿងចក្រ និងរៀបចំទីតាំងបានល្អ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យមន្ត្រីទាំងអស់ បន្តពង្រឹងសមត្ថភាព និងយកចិត្តទុកដាក់គ្រប់គ្រងគ្រឿងចក្រតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពការងារអន្តរាគមន៍បូមទឹកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទាំងក្នុងគ្រោះរាំងស្ងួត និងទឹកជំនន់៕

ដោយ វាសនា (ប្រភព៖ ក្រសួងធនធានទឹក)





