កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងាររៀបចំថ្នាលគ្រប់គ្រងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាលគ្រប់គ្រងទិន្នន័យស្ថិតិសេដ្ឋកិច្ចសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពការងាររៀបចំថ្នាលគ្រប់គ្រងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាលគ្រប់គ្រងទិន្នន័យស្ថិតិសេដ្ឋកិច្ចសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីនវានុវត្តន៍ ឌីជីថលភាវូបនីយកម្ម និងប្រសិទ្ធភាព។
បើតាមឯកឧត្ដម សួស ប្រាថ្នា បញ្ជាក់ថា ថ្នាលគ្រប់គ្រងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាលគ្រប់គ្រងទិន្នន័យស្ថិតិសេដ្ឋកិច្ចសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺរៀបចំឡើងដើម្បីពង្រឹងប្រសិទ្ធភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការលើកកម្ពស់ការតាមដានត្រួតពិនិត្យ ការប្រើប្រាស់របាយការណ៍សម្រាប់ធ្វើសេចក្តីសម្រេចចិត្ត និងការរៀបចំផែនការអភិវឌ្ឍន៍ផ្អែកលើទិន្នន័យជាក់ស្តែងដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ និងយុទ្ធសាស្ត្រជាតិ។
ថ្នាលឌីជីថលនេះ នឹងជួយបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលតាមរយៈការស្វ័យប្រវត្តិកម្មទិន្នន័យ ការតាមដានសូចនាករវាស់វែងប្រសិទ្ធភាពការងារ (KPI) នៅកម្រិតឃុំ/សង្កាត់ ស្រុក/ខណ្ឌ និង រាជធានី/ខេត្ត និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាទំនើប (AI & GIS) ដើម្បីជំរុញការសម្រេចចិត្តឱ្យកាន់តែរហ័ស ច្បាស់លាស់ និងសន្សំសំចៃធនធាន និងបង្កើនភាពងាយស្រួលក្នុងការចែករំលែកទិន្នន័យរវាងស្ថាប័នពាក់ព័ន្ធ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





