ឯកឧត្ដម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ព
AKP កណ្ដាល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦-- ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាគ្រួសារវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់សៀមចំនួន ១គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត និងមានកូនបួននាក់ក្នុងបន្ទុក ដោយមិនមានអ្នកជួយមើលថែ ហើយលោកផ្ទាល់កំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់សៀម នៅតាមបណ្ដោយព្រំដែន។

មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលជាមួយវីរកងទ័ព និងសាច់ញាតិវីរកងទ័ព ឯកឧត្ដម គួច ចំរើន បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជាសាច់ញាតិរបស់វីរកងទ័ព។

ឯកឧត្ដមបានលើកឡើងថា ប្រមុខថ្នាក់ដឹកនាំយើង គឺតែងតែនៅកៀកកិត និងតែងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន ពិនិត្យមើលពីជីវភាពការរស់នៅក៏ដូចជា សុខទុក្ខប្រជាពលរដ្ឋដោយមិនឱ្យពួកគាត់នៅកណ្ដោចកណ្ដែង និងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធររបស់យើងឡើយ។ ឯកឧត្ដមបានផ្ដាំផ្ញើដល់អង្គការ ហូលី ស្ថិតនៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ឱ្យជួយយកក្មេងទាំងបួនដែលជាកូនរបស់វីរកងទ័ព ទៅមើលលថែ និងអោយរៀនសូត្រជំនួសលោកឪពុកវីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីពីការឈ្លានពានរបស់សៀមនៅតាមបណ្ទាត់ព្រំដែន។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តកណ្ដាលបានឧបត្ថម្ភអង្គការ ហូលី នូវថវិកា ៥លានរៀល អង្ករ ២តោន មី ២០កេស ត្រីខ ២០យួរ ទឹកសុទ្ធ ១០០កេស សម្រាប់គ្រួសារកងទ័ពថវិកា ៣លានរៀល និងកូនៗរបស់វីរកងទ័ពទាំងបួននាក់ ទទួលបាន កាតាប និងឈុតសម្ភារសិក្សា (ប៊ិច សៀវភៅ) ព្រមទាំងសម្លៀកបំពាក់មួយចំនួនផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





