ឯកឧត្តម នួន ផារ័ត្ន ជួបសំណេះសំណាល សាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ សម្ភារប្រើប្រាស់និងថវិកាជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
AKP កំពង់ធំ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦--ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៣ខែមីនាឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះ សំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួនជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នៅពេលខាងមុខនេះនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅជាទីបំផុត និងបានគូសបញ្ជាក់ អំពីតួនាទីភារកិច្ច របស់កងកម្លាំង ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារជាតិ សាសនា និងព្រះមហាក្សត្រ។ ជាក់ស្ដែងក្នុងពេលមានសង្គ្រាមឈ្លានពាន ពីសំណាក់ទាហានថៃ ក្នុងឆ្នាំ ២០០៨ ដល់ ២០១១ កន្លងទៅ និងការរំលោភឈ្លានពានមកលេីដែនអធិបតេយ្យភាពរបស់កម្ពុជា ជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ ២០២៥ កន្លងទៅនេះ។ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មួយផ្នែកក៏បានបញ្ជូនទៅចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ។ ក្រៅពីនោះទៀតដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានដូចជាការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមចំណែកជាមួយវីរកងទ័ពនៃអង្គភាពកងយោធពលខេមរៈភូមិន្ទ ក្នុងការការពារបូរណភាពទឹកដីទប់ស្កាត់ការឈ្លានពានពីសំណាក់ប្រទេសថៃ។ ហើយកងកម្លាំងមួយផ្នែកទៀតរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់យ៉ាងសកម្ម ក្នុងការសហការចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលជោគជ័យ តាមការប្រគល់ភារកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម នួន ផារ័ត្ន បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ទប់ស្កាត់មិនឱ្យសត្រូវឃ្លានពានរំលោភដែលអធិបតេយ្យភាពយើងបានឡើយ។ ហើយកន្លងមក និងចំពោះមុខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីសន្តិភាព និងការពារបូរណភាពទឹកដី ដោយបានទាមទារការដោះស្រាយខ្សែបន្ទាត់ព្រំដែនតាមរយៈយន្តការច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលនៅជាធរមាន ដែលភាគីកម្ពុជា-ថៃ បានទទួលស្គាល់នាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែន តាមការប្រើប្រាស់កម្លាំងយោធា។

នៅក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានឧបត្ថម្ភជូនដល់កងកម្លាំង សម្រាប់ប្រើប្រាស់ក្នុងភារកិច្ចការពារបូរណភាពនិងថវិកាមួយចំនួនជូនដល់យោធិនសម្រាប់ចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ និងសូមជូនពរដល់យោធិនទាំងអស់និងក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចដែលជាតិនិងប្រជាជនកម្ពុជាប្រគល់ជូន៕
ដោយ៖ ស៊ុម វណ្ណា





