អង្គការ World Vision កំពុងគាំទ្រកុមារឱ្យទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ នៅសាលារៀនមានសុវត្ថិភាព ៣១៦ សាលា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦--នៅក្នុងទិវាអន្តរជាតិអាហារូបត្ថម្ភតាមសាលាររៀន អង្គការទស្សនៈពិភពអន្តរជាតិប្រចាំកម្ពុជា World Vision កំពុងតែបន្តគាំទ្រកុមារឱ្យទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ នៅក្នុងបរិបទសាលារៀនមានសុវត្ថិភាព ដើម្បីឱ្យកុមារអាចផ្តោតអារម្មណ៍សិក្សាបានល្អ ចូលរួមក្នុងថ្នាក់រៀនបានកាន់តែប្រសើរ និងលូតលាស់ប្រកបដោយសុខភាពល្អ។

មន្ត្រីអង្គការ World Vision បានឱ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា ចាប់តាំងពីឆ្នាំ ២០១៧ មកទល់បច្ចប្បន្ននេះ អង្គការទស្សនៈពិភពលោកអន្តរជាតិ World Vision បានធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីស្បៀងអាហារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់អាហារូបត្ថម្ភប្រចាំថ្ងៃដល់កុមារនៅតាមសាលាបឋមសិក្សាចំនួន ៣១៦ សាលា ក្នុងខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ដល់សិស្សចំនួន ១០០ ៦៤០ នាក់ ក្នុងនោះមានកុមារីចំនួន ៥៤ ៦០៦ នាក់។

អាហារូបត្ថម្ភតាមសាលារៀន ជាផ្នែកមួយជួយបង្កើនលទ្ធភាពចូលរៀននៅសាលារបស់កុមារ ពង្រឹងការរៀនសូត្រ និងគាំទ្រដល់សេដ្ឋកិច្ចក្នុងស្រុក។ អាហារូបត្ថម្ភទាំងនោះមិនមែនគ្រាន់តែជាអាហារនោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើធនធានមនុស្ស កិច្ចគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ៕


ដោយ៖ ណយ នឿន (ប្រភព៖World Vision)





